កម្ពុជា-ជប៉ុនចុះហត្ថលេខាផ្តល់ និងទទួលហិរញ្ញប្បទានឥតសំណងនូវទឹកប្រាក់ចំនួន ២២ លានដុល្លារសម្រាប់ពង្រីកប្រព័ន្ធទឹកស្អាតនៅខេត្តពោធិ៍សាត់

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ៤ ១២ ២០១៩ ៖

កម្ពុជា-ជប៉ុន ចុះហត្ថលេខាផ្តល់ និងទទួលហិរញ្ញប្បទានឥតសំណងនូវទឹកប្រាក់ចំនួន ២២ លានដុល្លារសម្រាប់ពង្រីក ប្រព័ន្ធទឹកស្អាតនៅខេត្តពោធិ៍សាត់ ដើម្បី ផ្គត់ផ្គត់ទឹកស្អាតជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់។

ក្នុងពិធីចុះហត្ថលេខា លើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ២.៤០៥.០០០.០០០យ៉េន( ពីរប៊ីលាន បួនរយប្រាំ លានយ៉េន) ស្មើ នឹង ២២ លានដុល្លារ សម្រាប់អនុវត្តគម្រោង ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅ ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុននេះ គឺសបញ្ជាក់ឲ្យឃើញថា ប្រទេសជប៉ុនបានជួយដល់កម្ពុជាជានិច្ចក្នុងការលើកកម្ពស់ដល់សុខមាលភាព ប្រជាជនកម្ពុជា ។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បន្ថែមថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ និងស្វាហាប់ ដោយរក្សាបានសម្រេចកំណើនយ៉ាងឆាប់រហ័ស ដោយរក្សាអត្រាជាមធ្យម ៧% ក្នុងមួយឆ្នាំ ដែលត្រូវបានធនាគារពិភពលោក ចាត់ទុកថា ជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ និងជាខ្លាសេដ្ឋកិច្ចថ្មីមួយនៅអាស៊ី ។ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៩ នេះ ត្រូវបានប៉ាន់ស្មានថាអាចសម្រេចបានក្នុងរង្វង់៧.១% ដោយផលិតផលក្នុងស្រុក (ផសស) សម្រាប់មនុស្សម្នាក់មានរហូតដល់ ១.៦៧៩ ដុល្លារអាមេរិក ។ ឯកឧត្តម បញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ មិនអាចផ្តាច់ចេញបានពីការរួមចំណែកយ៉ាងធំធេងរបស់មិត្តជប៉ុនស្ទើរគ្រប់វិស័យ ក្នុងរយៈកាលជាងពីរទសវត្សរ៍កន្លងមកបាននោះទេ ។
សំឡេង៖ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសប្រជាជនរស់នៅក្នុងខេត្តពោធិ៍សាត់ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះជំនួយនេះដែលមានសារៈសំខាន់ក្នុងការរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាល ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ ឆ្នាំ ២០១៤ – ២០២៥ ដើម្បីសម្រេចទស្សនវិស័យប្រជាជនគ្រប់រូបនៅសហគមន៍ជនបទត្រូវបានផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យ ប្រកបដោយនិរន្តរភាព” នៅឆ្នាំ ២០២៥ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានបញ្ជាក់ថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ អាចផ្គត់ផ្គង់ទឹកស្អាតចំណុះ ៦.៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងតបណ្តាញប្រវែង ៨៦,៥ គ.ម ចូលផ្ទះប្រជាពលរដ្ឋក្រីក្រប្រមាណ ២៥៧ គ្រួសារ ក្នុងខេត្តពោធិ៍សាត់ ។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ី រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ គឺជាការបង្ហាញអំពីការបេ្តជ្ញាចិត្ត របស់ប្រទេសជប៉ុន ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើង នូវបរិស្ថានរស់នៅ ក្នុងប្រទេសកម្ពុជា ជាពិសេស វិស័យទឹកស្អាតនេះតែម្តង ហើយជប៉ុននឹងបន្តជួយដល់កម្ពុជាជានិច្ច ។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំសារពើពន្ធជប៉ុន ២០១៩ (គិតពីថ្ងៃទី ១ មេសា ២០១៩ ដល់ ៣១មីនា ២០២០) រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាសរុបចំនួន ៣.៨១៦លានយ៉េន ស្មើនឹងប្រមាណ ៣៤,៥ លានដុល្លារអាមេរិក (ដោយពុំទាន់រាប់បញ្ចូលគម្រោងដែលបានចុះហត្ថលេខានៅថ្ងៃនេះ) សម្រាប់អនុវត្តគម្រោងចំនួន ៤ គឺទី១. សាងសង់ឃ្លាំង Container Freight Station នៅតំបន់សេដ្ឋកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ ២. អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ៣. ផ្តល់គ្រឿងចក្រ Stabilizer សម្រាប់ជួសជុលផ្លូវថ្នល់នៅកម្ពុជា និង៤. អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។