Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ អំពាវនាវសាធារណៈជន សិស្ស និស្សិត អានសៀវភៅឲ្យបានច្រើន

Published

on

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩៖

មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ អំពាវនាវសាធារណៈជន សិស្ស និស្សិត អានសៀវភៅឲ្យបានច្រើន ដើម្បីទទួលបានព័ត៌មានថ្មីៗ បង្កើនចំណេះដឹង ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ ក្រោមប្រធានបទ ផ្ដើមក្តីស្រម៉ៃ ដៃកាន់សៀវភៅ កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវ ដល់សាធារណៈជន ក៏ដូចជាសិស្ស និសិ្សត ទាំងអស់សូមមានទម្លាប់នៅក្នុងការអាន ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ជាពិសេសអាចចូលស្រាវជ្រាវបាននៅបណ្ណាល័យជាតិ ព្រោះមានឯកសារចាស់ ឯកសារថ្មីជាច្រើន។

ឯកឧត្តមបណ្ឌិត បន្តថា គោលដៅសំខាន់នៃការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី៨នេះ គឺដើម្បីចូលរួមផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ រួមទាំងស្នាដៃ អ្នកនិពន្ធចាស់និងថ្មី ធ្វើយ៉ាងណាឲ្យមានទីផ្សារទាំងក្នុងប្រទេសនិងក្រៅប្រទេស ប៉ុន្តែអ្វីសំខាន់ទៀតនោះគឺជំរុញឲ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅ ដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងបង្កើនគំនិតសម្រាប់ការសិក្សានិងការងារ និងបង្កើនកម្មវិធីនិទានរឿងនិងគូរគំនូររូបភាពផ្សេងៗដល់កុមារ ដើម្បីបណ្ដុះទឹកចិត្តកុមារឲ្យស្រឡាញ់និងចូលចិត្តសៀវភៅតាំងពីនៅតូចៗ ។

ឯកឧត្តម បញ្ជាក់ថា ពិព័រណ៍នេះ ក៏មានគោលបំណងគាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជានិងនៅក្នុងពិភពលោក ព្រមទាំងលើកទឹកចិត្តដល់កវីនិពន្ធរបស់យើង និងអ្នកស្រាវជ្រាវ វិចិត្រករ ដែលទាក់ទងនៅក្នុងការបង្កើតសៀវភៅ ដើម្បីបង្កើនបាននូវស្នាដៃថ្មីបន្ថែមទៀត ។

សូមបញ្ជាក់ថា ពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ ក្រោមប្រធានបទ ផ្ដើមក្តីស្រម៉ៃ ដៃកាន់សៀវភៅ នឹងរៀបចំឡើងរយៈពេលចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅ បណ្ណាល័យជាតិ ដោយមានការសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជននិងកីឡា និងមានស្តង់ចំនួន១៤៣ស្តង់ ៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន