ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំរុញអោយអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរកគន្លឹះ ថ្មីៗ ដើម្បីទប់ស្កាត់ គ្រឿងញៀន

វិទ្យុជាតិកម្ពុជា៖


ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំរុញអោយអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរកគន្លឹះថ្មីៗ ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន ក៏ដូចជានៅតាមមណ្ឌលសុខភាពនីមួយៗ ក្នុងឃុំ-សង្កាត់ ត្រូវមានមន្ត្រីដែលមានសមត្ថភាពក្នុងការគ្រប់គ្រងអ្នកដែលញៀនគ្រឿងញៀន។
នៅក្នុងកិច្ចប្រជុំ ដើម្បីឆ្លងផែនការជាតិ ៥ឆ្នាំស្តីពីការត្រួតពិនិត្យគ្រឿងញៀន២០១៩-២០២៣ នៅសាលប្រជុំក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃ ទី ៤ ខែ ធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា ចំណុចនេះ មិនអាចឱ្យមន្ទីរពេទ្យខេត្ត-ស្រុក ទៅគ្រប់គ្រងបញ្ហាជនញៀនគ្រឿងញៀន បានទាំងអស់នោះទេ គឺមានតែមណ្ឌលសុខភាព នៅតាមមូលដ្ឋាននេះហើយ ដែលអាចក្តាប់ជាប់នូវចំនួនមនុស្ស ដែលបានញៀនថ្នាំញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនហើយក៏មិនត្រឹមតែប៉ូលីសម្នាក់ឯងនោះដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បាន កោតសរសើរដល់ក្រសួង ស្ថាប័ន អង្គភាពជាសមាជិកទាំងអស់ដែលបានរួមគ្នាពិនិត្យ និងកែសម្រួលសេចក្តីព្រាងផែនការជាតិ៥ឆ្នាំស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩-២០២៣នេះកាន់តែមានលក្ខណៈពហុវិស័យ សុក្រឹត្យ និងគ្រប់ជ្រុងជ្រោយ តាមវិស័យនីមួយៗ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយប្រកបដោយប្រសិទ្ធភាពចូលរួមចំណែកក្នុងការការពារសុខមាលភាពប្រជាពលរដ្ឋ ការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម។
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា គ្រប់ក្រសួង ស្ថាប័ន អង្គភាព ត្រូវរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំរៀងៗខ្លួន ដើម្បីអនុវត្តនូវរាល់សកម្មភាព ដែលស្ថិតក្រោមដែនសមត្ថកិច្ច ទទួលខុសត្រូវរបស់ខ្លួន រៀបចំយន្តការតាមដាន បូកសរុប វាយតម្លៃ និងកំណត់ចំណុចខ្លាំង ចំណុចខ្សោយ កង្វះខាតតម្រូវការនានា សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការរៀបចំផែនការ ទិសដៅ និងសកម្មភាព សម្រាប់ការអនុវត្តក្នុងឆ្នាំបន្តបន្ទាប់អោយមានប្រសិទ្ធភាពខ្ពស់ ។
សូមបញ្ជាក់ថាកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីឆ្លងផែនការជាតិ៥ឆ្នាំស្តីពីការត្រួតពិនិត្យគ្រឿងញៀន២០១៩-២០២៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាតំណាងក្រសួងស្ថាប័នជាអនុប្រធាន សមាជិក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សរុបជិត១០០នាក់៕