កម្ពុជាស្នើឱ្យ AIMF លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងសមាគម ដើម្បីបង្កើតជាគុណតម្លៃបន្ថែមដល់ហ្វ្រង់កូហ្វូនី

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ — រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យសមាគមអន្តរជាតិនៃអភិបាលក្រុងហ្វ្រង់កូហ្វូនី(AIMF) លើក​កម្ពស់កិច្ចសហប្រតិបត្តិការក្នុងសមាគម ដើម្បីបង្កើតជាគុណតម្លៃបន្ថែមដល់ហ្វ្រង់កូហ្វូនី និង​ធ្វើឱ្យសមាគម AIMF ក្លាយជាយន្តការពហុភាគី ជាប្រយោជន៍ដល់ការអភិវឌ្ឍប្រកបដោយ​ចីរ​ភាពនៃបណ្ដាទីក្រុងនិយាយភាសាបារាំង។

ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​​ន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងមហាសន្និបាតលើកទី៣៩ នៃសមាគម​អ​ន្ត​រ​ជាតិ​នៃអភិបាលក្រុងហ្វ្រង់កូហ្វូន(AIMF)ក្រោមប្រធានបទ«AIMF ភ្នំពេញ៤០ឆ្នាំក្រោយ» នា​ព្រឹ​​ក​ថ្ងៃទី ៤ ខែធ្នូឆ្នាំ២០១៩ នៅសណ្ឋាការសុខាភ្នំពេញ រាជធានីភ្នំពេញនោះ ឯកឧត្ដម ឧបនាយ​ករ​ដ្ឋ​​មន្ដ្រី ហោ ណាំហុង បានថ្លែងថា AIMFខ្លួនឯងក៏ចាំបាច់ត្រូវរៀបចំឱ្យទីក្រុងនានា​សហការគ្នាដើ​ម្បី​​សម្រេចបាននូវគុណតម្លៃនិងគោលដៅនានារបស់AIMF ព្រមទាំងត្រូវមាន​កម្មវិធី​បណ្តុះបណ្តា​ល​«អនាគតអ្នកដឹកនាំរបស់AIMF» ឱ្យពួកគាត់ជ្រាបពីគោលការណ៍គ្រឹះនៃ​អត្ត​សញ្ញាណរបស់​AI​MF ដើម្បីឱ្យមានគ្រួសារAIMF មួយដែលមានសាមគ្គីភាពសុខដុមរមនា និងដើម្បីធ្វើ​ឱ្យ AI​M​F​ និងហ្វ្រង់កូហ្វូនី ក្លាយទៅជា«តំបន់សន្តិភាព ភាតរភាពនិងការអភិវឌ្ឍ​ប្រកប​ដោយចីរភាព» និង​រៀបចំព្រឹត្តិការណ៍កីឡាវប្បធម៌ និងទេសចរណ៍នៅក្នុងAIMF ដើម្បី​កសាងកិត្តិនាម​របស់​AI​M​F នៅលើពិភពលោក។ ឯកឧត្ដមឧបនាយរដ្ឋមន្ត្រី បានរម្លឹកប្រាប់​មហា​សន្និបាត AIMF អំពីអ្វីដែល​ជា​ការ​​ប្រែប្រួល​របស់រាជធានីភ្នំពេញតាំងពីអតីតកាលរហូត​មកដល់ពេលបច្ចុប្បន្ននេះ ពោល​ក្រោ​​យភ្លើងសង្គ្រាមត្រូវបានបញ្ចប់ ភ្នំពេញបានក្លាយទៅ​ជាទីក្រុងខ្មោចខ្ទេចខ្ទាំ រហូតប្រែ​មុខ​ប្រែ​មាត់ មកជារាជធានីដែលមានការរីកចម្រើន និងមាន​ការ​អភិវឌ្ឍលើគ្រប់វិស័យ ក្រោ​មកា​រ​ដឹ​កនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ ឯកឧត្ដម​ឧបនាយករដ្ឋមន្រ្ដីបន្តថា បន្ទាប់ពីរបបខ្មែរក្រហមបានដួល​រលំ​ទៅ​ រាជធានីភ្នំពេញ គឺជាទីក្រុង​ខ្មោច គ្មានមនុស្សរស់នៅទេ ប្រជាជនទីក្រុងភ្នំពេញទាំងមូល ត្រូ​វ​បានជម្លៀសចេញដោយបង្ខំ ឱ្យទៅធ្វើពលកម្មនៅតាមទីជនបទ និងក្នុងព្រៃ។ ទន្ទឹមនេះ គ្មានរដ្ឋ​បា​ល​ គ្មានសាលារៀន គ្មានមន្ទីរពេទ្យ គ្មានផ្សារ គ្មានរូបិយវត្ថុ គ្មានអគ្គិសនី គ្មានទឹកស្អាត។ល។ ផ្ទះ​ត្រូវគេរុះរើ និងអគារនានាប្រែទៅជាចាស់ៗ ទ្រុឌទ្រោម ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ​ទាំង​អស់។  ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា កាលនោះរាជរដ្ឋាភិបាល​ត្រូវ​ចិ​ញ្ចឹ​ម​ និងផ្តល់​ជម្រកជូនប្រជាជន រងភាពអត់ឃ្លានរាប់លាននាក់ ដែលទើបត្រឡប់មកពីជំរំ​ធ្វើ​ការ​ដោ​យបង្ខំ យើងត្រូវកសាងរាល់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងទាំងអស់ ឱ្យសក្តិសមនឹងកេរ្ត៍ឈ្មោះ​រា​ជ​​ធានី​មួយ​នេះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅទូទាំងប្រទេស ដែលត្រូវបានបំផ្លាញ​ទាំ​ង​ស្រុង ដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ចាប់ពីឆ្នាំ២០០០មក ទីក្រុងនេះបាន​ប្រ​ឈ​ម​នឹងបញ្ហាបន្ទាន់ថ្មីៗទៀត ដោយប្រជាជន បានចាកចេញពីជនបទចូលមករស់នៅ ដែល​ទា​ម​ទារឱ្យមានការសាងសង់ លំនៅឋាននៅតាមសង្កាត់បណ្តោះអាសន្នមួយចំនួន។ ចាប់​ពីឆ្នាំ​២​០០៤មក ទីក្រុងបានចាប់ផ្តើមការពង្រីកវិសាលភាពរបស់ខ្លួន ចាប់ផ្តើមឈានចូលដល់ដំ​ណា​ក់កាលធ្វើឧស្សាហកម្មភាវូបនីយកម្ម ដោយបានបង្កើតការងារជាច្រើននៅតាមរោង​ចក្រវា​យ​នភ័ណ្ឌ។ ឯកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ក៏បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលមាន​កាត​ព្វ​កិច្ចដាក់ចេញនូវយុទ្ធសាស្រ្តពីរ ដែលក្នុងនោះ យុទ្ធសាស្រ្តទី១ មានឈ្មោះថា «កម្ម​វិ​​ធី​ដើម្បី​អភិវឌ្ឍន៍សហគមន៍ ចំនួន១០០ក្នុងមួយឆ្នាំ» ដោយអនុវត្តន៍គោលនយោបាយផ្តល់​សម្ប​ទាន​ដីសង្គម រួមនឹងការអភិវឌ្ឍទីលំនៅឋាននៅនឹងកន្លែង តាមរយៈផែនការប្រមូលផ្តុំប្រជាជន ក្នុងសហគមន៍ក្រីក្របញ្ចូលគ្នាតាមតំបន់។

ទី២ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយ​ផ្អែ​ក​លើគោលការណ៍ «ស្វ័យអភិវឌ្ឍន៍ទីក្រុង» តាមរយៈមូលនិធិបដិភាគ ដែលចូលរួមដោយ​ប្រជា​ព​លរដ្ឋ។ រហូតមកដល់ឆ្នាំ២០០៩ សញ្ញាដំបូងដែលបង្ហាញថា រាជាធានីភ្នំពេញក្លាយ​ជាទី​ក្រុ​ង​ធំ​ បានចេញជារូបរាងឡើង។ លំនៅឋានតូចៗ ត្រូវបានជំនួសដោយអគារខ្ពស់ៗ។ កាលនោះ រា​ជធានីភ្នំពេញបានពង្រីកវិសាលភាពពី៣០០គីឡូម៉ែត្រក្រឡា ទៅដល់ជិត៧០០​គីឡូម៉ែត្រ​ក្រ​ឡា​ ជាមួយបូរីថ្មីៗចំនួន២១២កន្លែង ដោយមិនទាន់រាប់បញ្ចូលអគារខ្ពស់ៗ​រាប់មិនអស់ និង​ផ្ទះ​វីឡាជាច្រើន ដែលគេបានសង់លើផ្ទៃដីក្រុងដ៏ធំ នាពេលបច្ចុប្បន្ននេះ ជាមួយនឹងប្រជាជន​ទី​ក្រុ​ង និងកម្មករ សរុបទាំងអស់ប្រមាណ ៣លាននាក់។ ចំពោះ​ហេដ្ឋា​រចនាសម្ព័ន្ធផ្លូវថ្មី ត្រូវបាន​ក​សា​ង និងពង្រីកដោយសារមានការកកស្ទះចរាចរណ៍ នៅលើដង​ផ្លូវដូចតាមបណ្តារដ្ឋធានី​ដទៃទៀ​ត​ នៅអាស៊ីអាគ្នេយ៍ដូច្នោះដែរ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី​បានបន្ថែមថា នេះក៏ដោយសារតែ​ជីវភាពរស់នៅរបស់ប្រជាជន មានភាព​ប្រ​សើរ​ឡើង ដោយ​សារតែកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដល់ទៅ៧.៧ភាគរយ ក្នុងរយៈពេលពីរ​ទ​សវត្សរ៍​កន្លងមកនេះ ដែលអនុញ្ញាតឱ្យកម្ពុជាកាត់បន្ថយអត្រាភាពក្រីក្រមកនៅត្រឹម១០ភាគរយ       ប៉ុ​ណ្ណោះ​ក្នុងឆ្នាំ២០១៨។

លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរ​ជាតិ​និយាយភាសាបារាំងហ្វ្រង់កូហ្វូនី បានឱ្យដឹងថា កម្ពុជាគឺជាសមាជិកដ៏សកម្មនៅក្នុង​ការ​ អ​នុវត្ត​គម្រោងហ្វ្រង់កូហ្វូនីក្នុងរយៈពេលជិត៥០ឆ្នាំកន្លងមកនេះ។  លោកជំទាវបន្ដថា ភាសា​បារាំងគឺសរសរស្ដម្ភ​មួ​យដ៏សំខាន់ក្នុងការបើកចំហរទៅកាន់ពិភពលោក និងកិច្ចសហ​ប្រតិបត្តិ​ការ​អន្តរជាតិផ្សេងៗ។ លោកជំទាវក៏បានថ្លែងនូវការគាំទ្រឱ្យសមាជិកនៃ AIMF បន្តអនុវត្តន៍​ការងាររបស់ខ្លួន​ដោយ​ផ្តោ​ត​លើបញ្ហាបរិស្ថាន អភិបាលកិច្ច សង្គមកិច្ច ការអប់រំ និងវប្បធម៌ ដែលធានាដល់ការរស់​នៅ​រប​ស់​ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកជំទាវ​បានបញ្ជាក់ថា «ហ្វ្រង់កូ​ហ្វូ​នី​ គាំទ្ររាល់គម្រោងទាំងឡាយនាពេលអនាគត»។

គួរបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ​នៃ​សមា​គមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៣៩ និងដើម្បីអបអរសា​ទ​រខួបលើកទី៤០នៃសមាគមនេះ នៅរាជធានីភ្នំពេញ ពីថ្ងៃទី០៣-០៤ ខែធ្នូ ឆ្នាំ២០១៩ ដែល មាន​គ​ណៈប្រតិភូនៃទីក្រុង និងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមចំនួន៤០២នាក់ មកពី​ប​ណ្ដា​​ប្រទេសប្រមាណ៤១៕

ដោយ ជឹម ណារី