Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ៖អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរកគន្លឹះអ្វីដែលថ្មីៗ ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន

Published

on

វិទ្យុជាតិកម្ពុជា៖ រាជធានីភ្នំពេញ ៖ថ្ងៃ ទី ៤ ខែ ធ្នូ ឆ្នាំ ២០១៩

នៅសាលប្រជុំក្រសួងមហាផ្ទៃមានរៀបចំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដេីម្បីឆ្លងផែនការជាតិ៥ឆ្នាំស្តីពីការត្រួតពិនិត្យគ្រឿងញៀន២០១៩-២០២៣ ក្រោមអធិបតីដឹកនាំកិច្ចប្រជុំដោយឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាតំណាងក្រសួងស្ថាប័នជាអនុប្រធាន សមាជិក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សរុបជិត១០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងនូវការអរគុណ និងកោតសរសើរដល់ក្រសួង ស្ថាប័ន អង្គភាពជាសមាជិកទាំងអស់កន្លងមកបានរួមគ្នាពិនិត្យ និងកែសម្រួលសេចក្តីព្រាងផែនការជាតិ៥ឆ្នាំស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩-២០២៣នេះ កាន់តែមានលក្ខណៈពហុវិស័យ សុក្រឹត្យ និងគ្រប់ជ្រុងជ្រោយ តាមវិស័យនីមួយៗ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយប្រកបដោយប្រសិទ្ធភាពចូលរួមចំណែកក្នុងការការពារសុខមាលភាពប្រជាពលរដ្ឋ ការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្ថែមថា គ្រប់ក្រសួង ស្ថាប័ន អង្គភាព ត្រូវរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំរៀងៗខ្លួន ដើម្បីអនុវត្តនូវរាល់សកម្មភាព ដែលស្ថិតក្រោមដែនសមត្ថកិច្ច ទទួលខុសត្រូវរបស់ខ្លួន រៀបចំយន្តការតាមដាន បូកសរុប វាយតម្លៃ និងកំណត់ចំណុចខ្លាំង ចំណុចខ្សោយ កង្វះខាតតម្រូវការនានា សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការរៀបចំផែនការ ទិសដៅ និងសកម្មភាព សម្រាប់ការអនុវត្តក្នុងឆ្នាំបន្តបន្ទាប់អោយមានប្រសិទ្ធភាពខ្ពស់ ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានថ្លែងបញ្ជាក់បន្ថែមថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរកគន្លឹះអ្វីដែលថ្មីៗ ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន។ ដូច្នេះ មណ្ឌលសុខភាពនីមួយៗ នៅតាមឃុំ-សង្កាត់ ត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រងអ្នកដែលញៀនគ្រឿងញៀន ចំណុចនេះ មិនអាចឱ្យមន្ទីរពេទ្យខេត្ត-ស្រុក ទៅគ្រប់គ្រងបញ្ហាជនញៀនគ្រឿងញៀន បានទាំងអស់នោះទេ គឺមានតែមណ្ឌលសុខភាព នៅតាមមូលដ្ឋាននេះហើយ ដែលអាចក្តាប់ជាប់នូវចំនួនមនុស្ស ដែលបានញៀនថ្នាំញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន គឺមិនត្រឹមតែប៉ូលីសតែអង្គឯងនោះដែរ។

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន