សម្ដេចតេជោ ហ៊ុន សែន ទទួលជួបជាមួយឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសស៊ុយអ៊ែត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត៖

បន្ទាប់ពីបានទទួលជួបជាមួយ ឯកអគ្គរដ្ឋទូត ឥស្លាមប៉ាគីស្ថាន ដែលចប់អាណត្តិហើយនោះ នៅព្រឹកថ្ងៃទី០៤ធ្នូដដែលនេះ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអនុញ្ញាត ឲ្យឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសស៊ុយអ៊ែត ចូលជួបសំដែងការគួរសម។
ក្នុងជំនួបនោះ ឯកឧត្តម Bjorn Haggmark បានជម្រាបជូន សម្ដេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញបេស កកម្មជាឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍ថា ឯក ឧត្តម បានស្វែងយល់អំពីសោកនាដកម្មរបស់កម្ពុជាកន្លងមក ដែលសោកនាដកម្មទាំងនោះគួរគប្បីណា ទប់ស្កាត់កុំឲ្យមានការវិលត្រឡប់មកវិញ។ ក្នុងន័យនេះឯកឧត្តមបានមានប្រសា សន៍ថា ប្រទេសស៊ុយអែតបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់តុលាការកាត់ទោសមេដឹកនាំកំពូលរបស់ខ្មែរក្រហមកន្លងមក ហើយឯកឧត្តម ក៏បានមានប្រសាសន៍ដែរថា កន្លងមកស៊ុយអ៊ែតក៏បានផ្ដល់ជំនួយមកកម្ពុជាយើងជា ដំបូងតាមរយៈជំនួយមនុស្សធម៌ហើយនៅពេលនេះទៀតក៏កំពុងតែរួមចំណែកជួយដល់កម្ពុជានៅក្នុងការអភិវឌ្ឍកម្ពុជាដែរ។
ឯកឧត្តម បានមានប្រសាសន៍ថា តាមរយៈអ្វីដែលបានធ្វើកន្លងមកនេះ បេសកកម្មកាទូតរបស់ ឯកឧត្តមមកកាន់កម្ពុជា ឯកឧត្តមនឹងមិនចំណាយពេលទៅលើអ្វីផ្សេងទៀតទេ ក្រៅពីការជំរុញទំនាក់ទំនងដែលមានស្រាប់ និងពង្រីកទំនាក់ទំនងដែលមាន ជាពិសេសពង្រីកទំនាក់ ទំនងទៅលើបញ្ហាសកល ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាសកលភាវូបនីយកម្មផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះ ឯក ឧត្តម Bjorn Haggmark ដែលត្រូវបានតែង តាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថ ភាពនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានថ្លែងអំណរគុណជូនដល់ប្រជាជន រដ្ឋាភិបាលស៊ុយអ៊ែត ដែលកន្លងមកតែងតែ ជួយដល់កម្ពុជា ទាំងផ្នែកមនុស្សធម៌ទាំងការអភិវឌ្ឍន៍ ។
សម្ដេចតេជោ បានលើកឡើងថាជាការពិតកម្ពុជាទទួលរកនូវសោកនាដកម្មអតីតកាលហើយប្រទេសស៊ុយអ៊ែតជាប្រទេសមួយដែលមិនទទួលអតីតខ្មែរក្រហមអង្គុយនៅកៅអីអង្គការ សហប្រជាជាតិ ហើយលើសពីនោះទៀតក៏បានអនុញ្ញាតឲ្យកម្ពុជាបើកការិយាល័យព័ត៌មាននៅទីក្រុងស្តុកហូម ហើយចាប់ពីពេលនោះមកប្រទេសស៊ុយអ៊ែតជាប្រទេសមួយ ដែលចាប់ផ្ដើមផ្ដល់នូវជំនួយមនុស្សធម៌ដល់កម្ពុជា ។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ជូនចំពោះជំនួយរបស់ប្រទេសស៊ុយអ៊ែត និងរដ្ឋាភិបាលស៊ុយអ៊ែត ក្នុងការកាត់ទោសមេដឹកនាំកំពូលរបស់ខ្មែរក្រហម គឺជាការជួយដល់កម្ពុជាក្នុងការស្វែងរកសច្ចធម៌ពិតរបស់កម្ពុជា ហើយកន្លងមកនេះក៏បានបន្តជួយដល់កម្ពុជាយើងលើវិស័យអភិវឌ្ឍដែរ។
សម្ដេចតេជោ បានមានប្រសាសន៍ផងដែរថា ក្រៅពីកិច្ចសហប្រតិបត្តិការ និងជំនួយលើឆាក អន្តរជាតិដូចជាបញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូច ជាបញ្ហាសាកលភាវូបនីយកម្ម។ សម្ដេចតេជោ បានស្នើឲ្យ ឯកឧត្តម ពិនិត្យពិចារណាស្វែងរកជាមួយភាគីកម្ពុជាលើវិស័យដទៃទៀត ដែលយើងអាចសហការនេះបាន ។
ឆ្លៀតឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូន ឯកឧត្តម Bjorn Haggmark អំពីអាទិភាពរបស់រាជាណាចក្រកម្ពុជា នោះគឺកត្តាសុខសន្តិភាព និងស្ថិរភាព ដែលជាកត្តាសំខាន់សម្រាប់ជំរុញការអភិវឌ្ឍរបស់កម្ពុជា ហើយក៏បានជម្រាបជូនផងដែរ នូវមហិច្ឆតារបស់កម្ពុជា នោះគឺកែប្រែប្រទេសកម្ពុជាយើងពីប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ៕