ក្រសួងពាណិជ្ជកម្ម ប្រកាសដល់អាជីវករ ម្ចាស់ក្រុមហ៊ុន ទាំងអស់ មានការប្រុងប្រយត្ន័ខ្ពស់ចំពោះជនខិលខូចដែលក្លែងបន្លំជាមន្ត្រីកាំកុងត្រូល

វិទ្យុជាតិកម្ពុជា ៖ស៊ឹង សុផារី 04,12,19៖

ក្រសួងពាណិជ្ជកម្ម បានប្រកាសដល់អាជីវករ ម្ចាស់ក្រុមហ៊ុន ទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់ចំពោះជនខិលខូចដែលក្លែងបន្លំជាមន្ត្រីកាំកុងត្រូល ចុះទៅទារប្រាក់ ជាថ្នូរនឹងការមិន ត្រួតពិនិត្យផលិតផល ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា មានជនខិលខូចមួយចំនួន បានឆ្លៀតបន្លំខ្លួន ឬប្រើប្រាស់តួនាទីជាមន្រ្តីកាំកុងត្រូលដើរទារ ប្រាក់ ពីម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ ដោយអះអាងជាថ្នូរនឹងការជួយដោះស្រាយបញ្ហា ឬសម្របសម្រួលលើបាតុភាពណាមួយ ឬជាថ្នូរនឹងការមិនចុះត្រួតពិនិត្យ ជាដើម ។
ដើម្បីទប់ស្កាត់ និងវែកមុខជនខិលខូច ឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ អគ្គនាយកដ្ឋានកាំកុងត្រូល សូមបញ្ជាក់ថា នៅរៀងរាល់ប្រតិបត្តិការការងារ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកាំកុងត្រូល គឺមានសំលៀកបំពាក់ជាឯកសណ្ឋានការងារ ដោយមានភ្ជាប់ស្លាកឈ្មោះ លេខសំគាល់ខ្លួន និងមានលិខិតបញ្ជាបេសកកម្មត្រឹមត្រូវ ច្បាស់លាស់។
ប្រភពដដែលបានបញ្ជាក់ថា មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងអនុវត្តតួនាទីត្រួតពិនិត្យទំនិញនិងសេវា ទាំងក្នុងក្របខណ្ឌទទួលខុសត្រូវផ្ទាល់និងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបការក្លែងបន្លំពាណិជ្ជកម្ម ធានាគុណភាព សុវត្ថិភាពនិងអនុលោមភាពនៃផលិតផលទំនិញ និងសេវា ការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។ ដូច្នេះ បើបងប្អូនប្រជាពលរដ្ឋ អាជីវករ ម្ចាស់សហគ្រាស ម្ចាស់ក្រុមហ៊ុន ទាំងអស់ សង្ស័យថាមានជនខិលខូចបន្លំខ្លួនជាមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកាំកុងត្រូល សូមផ្តល់ព័ត៌មាន មកអគ្គនាយកដ្ឋានកាំកុងត្រូល តាមរយៈលេខទូរសព្ទ័ ០២៣ ២៣១ ៨៥៦ ៕