ក្រសួងការងារ នឹងរៀបការចំពិព័រណ៍ការងារ នៅខេត្តបាត់ដំបង ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ សិស្ស និស្សិតដែលមានបំណងស្វែងរកការងារ

វិទ្យុជាតិកម្ពុជា៖ ដោយ ប៉ុង សុភាវី ០៤ ធ្នូ ២០១៩៖

ក្រសួងការងារ នឹងរៀបការចំពិព័រណ៍ការងារ នៅខេត្តបាត់ដំបង ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ យុវជន សិស្ស និស្សិត ដែលមានបំណងស្វែងរកការងារ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបការចំពិព័រណ៍ការងារ នៅបរិវេណ វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលប្រព្រឹត្តទៅរយៈពេលពីគឺចាប់ពី ថ្ងៃទី៦ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ដែលជាឱកាសការងារ សម្រាប់សាធារណជន ជាពិសេស យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារទាំងអស់។
ក្រៅពីទទួលបានឱកាសការងារតាមរយៈការដាក់ពាក្យ និងសំភាសន៍ភ្លាមៗ អ្នកចូលរួមក៏នឹងមានឱកាសទទួលបានការណែនាំពីអាជីព បទពិសោធន៍ ជំនាញដែលទីផ្សារការងារ កំពុងត្រូវការ និងឱកាសបណ្តុះបណ្តាលគ្រប់ប្រភេទ ជាពិសេសទទួលបានគំនិតថ្មី ចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនល្បីៗក្នុងសិក្ខាសាលាផងដែរ។
ដូច្នេះ ប្រសិនបើសាធារណជន ជាពិសេស យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារទាំងអស់ ដែលមានបំណងស្វែងរកការងារធ្វើ តាមរយៈការតាំងពិព័រណ៍ការងារ នៅក្នុងខេត្តបាត់ដំបងនេះ កុំសូមភ្លេចត្រៀមប្រវត្តិរូបសង្ខេប(CV) ដើម្បីដាក់ពាក្យ ស្វែងរកការងារ ។
សូមបញ្ជាក់ថា ការតាំងពិព័រណ៍ការងារ នៅខេត្តបាត់ដំបងនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការពីសាលាខេត្តបាត់ដំបង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តបាត់ដំបង អង្គការ Finn Church Aid (FCA) វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង និងមានការចូលរួមពីស្ថាប័ន ក្រុមហ៊ុនធំៗចំនួន៥០ ដោយមានការជ្រើសរើសបុគ្គលិកផ្ទាល់ពីចំណោមអ្នកស្វែងរកការងារប្រមាណ៤០០០នាក់៕