អាជ្ញាធរជាតិអប្សរា បានបណ្តុះបណ្តាលអ្នកបន្តវេនជួសជុលប្រាសាទឲ្យកាន់តែមានចំនួនច្រើនឡើងថែមទៀត ដើម្បីចូលរួមជួសជុលប្រាសាទ

វិទ្យុជាតិកម្ពុជា៖ ដោយ ស្រីផល ០៤,១២,២០១៩៖

អាជ្ញាធរជាតិអប្សរា បានបណ្តុះបណ្តាល អ្នកបន្តវេន ជួសជុលប្រាសាទ ឲ្យកាន់តែមានចំនួនច្រើនឡើងថែមទៀត ព្រោះការខូចខាតនៃសំណង់ប្រាសាទបុរាណ នៅតែបន្តមាន។

លោក ឡុង កុសល អនុប្រធានផ្សព្វផ្សាយអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា វគ្គបណ្តុះបណ្តាលអ្នកបន្តវេនជួសជុលប្រាសាទនេះ បង្រៀនដោយអ្នកជំនាញ និងកម្មករដែលមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការជួសជុលប្រាសាទដែលធ្វើឡើងពីឥដ្ឋកន្លងមក ។លោក បញ្ជាក់ថា ការបណ្តុះបណ្តាលនេះ ក្នុងគោលបំណង បន្តចំណេះជំនាញទៅមន្ត្រី បុគ្គលិក កម្មករថ្មីៗ ដែលមានបទពិសោធន៍តិច ដើម្បីបង្កើនសមត្ថភាពពួគាត់ក្នុងការជួសជុលអភិរក្សប្រាសាទឥដ្ឋ ជាពិសេសធ្វើយ៉ាងណា បង្កើនអ្នកបន្តវេនជួសជុលឱ្យមានកាន់តែច្រើន ព្រោះការខូចខាតនៃសំណង់ប្រាសាទបុរាណ នៅតែមាននាថ្ងៃអនាគត។ លោក បន្ថែមថាអាជ្ញាធរជាតិអប្សរា គឺជាស្ថាប័នមួយ មិនត្រឹមតែជួយបណ្តុះបណ្តាល ដល់បុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអប់រំផ្នែកចំណេះដឹង ជូនទៅដល់ស្ថាប័នមួយចំនួនទៀតផងដែរ ដែលជាការចូលរួមចំណែកក្នុងការបង្កើនធនធានមនុស្សរបស់កម្ពុជា។

សម្លេង៖ ជារួមខ្ញុំសុំបញ្ជាក់ថា ការងារបណ្តុះបណ្តាលសំរាប់បន្តវេន ទៅជំនាន់ក្រោយនោះគឺថា គឺជាអទិភាពមួយដែលអាជ្ញាធរអប្សរា បានផ្តល់ហើយនិងកំពុងតែខិតខំ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ អ្នកត្រូវបានទទួលបានការបណ្តុះបណ្តាល គឺសុទ្ធតែជាអ្នកដែលមានភារកិច្ចចុះទៅអនុវត្ត មិនមែនគ្រាន់តែបណ្តុះបណ្តាល ជាលក្ខណៈទ្រឹស្តីគ្រាន់តែបានដឹងនោះទេគឺយើងបណ្តុះបណ្តាល ទាំងផ្នែកទ្រឹស្តីនិងការអនុវត្តន៍ជាក់ស្តែងចឹងបានអ្នកទាំងនោះទទួលបានចំណេះដឹងនិងចំណេះធ្វើពិតប្រាកដ។

លោកបានបញ្ជាក់ថា ក្នុងការបង្រៀន គឺមានទាំងទ្រឹស្តី និងអនុវត្ត ជាក់ស្តែងបានអនុវត្តការជួសជុល នៅតាមការដ្ឋាន ដូចជាវិធីសាស្ត្រក្នុងការតឥដ្ឋ រូបមន្តផ្សំសារធាតុ ក្នុងការតភ្ជាប់ឥដ្ឋ ដើម្បីជួសជុលប្រាសាទបុរាណផងដែរ៕