រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំង៖ ការគំរាមកំហែងចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក អំពីពន្ធគយទៅលើទំនិញ គឺមិនអាចទទួលយកបាន

AKP ភ្នំពេញថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៩​ — នៅមុននេះ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានធ្វើសន្និដ្ឋានថា ពន្ធទៅលើសេវាឌីជីថលរបស់ប្រទេសបារាំងមានការរើសអើង ទៅលើបណ្តាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បាននិយាយថា ការគំរាមកំហែងចុងក្រោយបង្អស់អំពីពន្ធគយរបស់សហរដ្ឋអាមេរិក មិនមែនជាអ្វីដែលនរណាម្នាក់រំពឹងពីសម្ព័ន្ធមិត្តនោះទេ។ លោកបាននិយាយបន្ថែមថា សហគមន៍អឺរ៉ុបត្រៀមខ្លួនឆ្លើយតបយ៉ាងខ្លាំងចំពោះការគំរាមកំហែងពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក។

លោក Le Maire បាននិយាយថា «ក្នុងករណីមានទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុបនឹងត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបវិញភ្លាមៗ»។

នៅមុននេះ គេបានរាយការណ៍ថា តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនឹងចេញសេចក្តីជូនដំណឹងអំពីការចុះឈ្មោះសហព័ន្ធដែលស្នើសុំយោបល់ពីសាធារណៈជន ចំពោះសកម្មភាពដែលបានស្នើឡើងរបស់ទីភ្នាក់ងារនេះ ដែលរួមបញ្ចូលទាំងកាតព្វកិច្ចរហូតដល់ ១០០ភាគរយទៅលើផលិតផលបារាំងមួយចំនួន ដោយបន្ថែមទៅលើការស្វែងរកយោបល់ចំពោះជម្រើសនៃការដាក់ថ្លៃសេវា ឬការរឹតត្បិតលើសេវាកម្មរបស់ប្រទេសបារាំង។

យោងតាមការរាយការណ៍បានឱ្យដឹងថា សេចក្តីអត្ថាធិប្បាយជាសាធារណៈ ស្តីពីសកម្មភាពដែលបានស្នើឡើងរបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ត្រូវតែដាក់ជូនត្រឹមថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២០ ខាងមុខ នឹងការផ្តល់យោបល់ប្រឆាំងក្រោយសវនាការធ្វើត្រឹមថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០ ។

បញ្ជីផលិតផលបារាំងដែលកំពុងប្រឈមនឹងពន្ធនាំចូលដែលមានសក្តានុពល មានតម្លៃពាណិជ្ជកម្មប្រមាណ ២,៤ប៊ីលានដុល្លារអាម៉េរិក៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)