លោក Trump ៖ សហរដ្ឋអាមេរិកប្រហែលជាប្រើកម្លាំងយោធា ប្រឆាំងនឹងកូរ៉េខាងជើងបើចាំបាច់

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ — ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃអង្គារថា សហរដ្ឋ​អាមេរិកអាចនឹងប្រើកម្លាំងយោធាប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ប្រសិនបើចាំបាច់បន្ទាប់​ពីក្រុងព្យុងយ៉ាងបានព្រមានថា ពេលវេលាកំណត់ចុងឆ្នាំសម្រាប់កិច្ចចរចានុយក្លេអ៊ែរ​របស់​ប្រទេសទាំងពីរកំពុងខិតជិតមកដល់ហើយ។

លោក Trump បានស្តារឡើងវិញនូវការគំរាមកំហែងនៃសកម្មភាពយោធា​នៅពេល​ដែល​កិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាងបានជាប់គាំងអំពីរបៀប ដើម្បីផ្គូផ្គង​ជំហាន​នុយក្លេអ៊ែររបស់កូរ៉េខាងជើងជាមួយនឹងសម្បទានរបស់សហរដ្ឋអាមេរិក។

ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិកក៏បានសង្កត់ធ្ងន់ លើទំនាក់ទំនងផ្ទាល់ខ្លួន​យ៉ាងជិត​ស្និទ្ធរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ផងដែរ ដោយលោកសង្ឃឹម​ថា លោក គីម នឹងគោរពតាមការប្តេជ្ញាចិត្តរបស់លោកក្នុងការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែរ​របស់​ប្រទេសខ្លួន។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងឡុងដ៍ កន្លែងដែលលោកកំពុងចូល​រួមក្នុងកិច្ចប្រជុំមេដឹកនាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងថា ឥឡូវនេះ យើងមាន​យោធា​ដែលមានឥទ្ធិពលបំផុតដែលយើងមិនធ្លាប់មាន ហើយយើងនៅឆ្ងាយពីប្រទេសដែល​មាន​ឥទ្ធិពលបំផុតនៅលើពិភពលោក។

លោកបានមានប្រសាសន៍ថា សង្ឃឹមយ៉ាងមុតមាំថា​ យើងមិនចាំបាច់ប្រើវាទេ ប៉ុន្តែ​ប្រសិន​បើ​យើងធ្វើយើងនឹងប្រើវា។ ប្រសិនបើ វាមានមែននោះ យើងនឹងធ្វើវា។

កន្លងមកលោក Trump បានគម្រាមថា យើងនឹងបំផ្លាញរបបកុម្មុយនិស្តទាំងស្រុងនៅ​ឆ្នាំ ២០១៧ នៅពេលភាពតានតឹងកើនឡើងខ្ពស់ជុំវិញការសាកល្បងអាវុធនុយក្លេអ៊ែរ​ និង​មីស៊ីល​ផ្លោងអន្តរទ្វីបរបស់​កូរ៉េ​ខាងជើង។

កាលពីព្រឹកថ្ងៃអង្គារ អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងលោក Ri Thae-song បានចេញ     សេចក្តីថ្លែងការណ៍មួយជំរុញឱ្យសហរដ្ឋអាមេរិកធ្វើជាផ្នែកមួយរបស់ខ្លួន ដើម្បីជួយ​ដល់កិច្ចចរចា។ ចាប់តាំងពីការដួលរលំនៃកិច្ចប្រជុំកំពូលលើកទី២ របស់លោក Trump និង​លោក គីម នៅប្រទេសវៀតណាមកាលពីខែកុម្ភៈកន្លងទៅ កូរ៉េខាងជើងបានព្រមានថា ខ្លួននឹង​ស្វែងរកមធ្យោបាយថ្មី ប្រសិនបើសហរដ្ឋអាមេរិកខកខានមិនបានមកស្នើសុំសំណើ​ដែលអាច​ទទួលយកបាននៅចុងឆ្នាំនេះ៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)