រាជរដ្ឋាភិបាលកម្ពុជាស្នើដល់AIMF ធ្វើជាយន្តការពហុភាគីដែលធានាដល់ការអភិវឌ្ឍ

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ០៤ ១២ ២០១៩៖

 រាជរដ្ឋាភិបាលកម្ពុជាស្នើដល់AIMF ធ្វើជាយន្តការពហុភាគីសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃបណ្តាទីក្រុងនិយាយភាសាបារាំង។
ថ្លែងក្នុងឱកាសបើកមហាសន្និបាតលើកទី៣៩ នៃសមាគមអន្តរជាតិនៃអភិបាលក្រុងនិយាយភាសាបារាំង ហៅកាត់ AIMF ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែធ្នូនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា វាជាការសមស្របក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងសមាគមAIMF ដោយផ្លាស់ប្តូរវេទិកានេះឲ្យទៅជាបណ្តាញរួមគ្នាមួយដែលនឹងបង្កើតជាគុណតម្លៃបន្ថែម ដល់អង្គការការអន្តរជាតិប្រើប្រាស់ភាសាបារាំងហ្វ្រង់កូហ្វូនី(Francophonie)។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា AIMFខ្លួនឯង ក៏ចាំបាច់ត្រូវរៀបចំឲ្យទីក្រុងនានាសហការគ្នា ដើម្បីសម្រេចបាននូវគុណតម្លៃនិងគោលដៅនានារបស់AIMF ព្រមទាំងត្រូវមានកម្មវិធីបណ្តុះបណ្តាល«អនាគតអ្នកដឹកនាំរបស់AIMF» ឲ្យពួកគាត់ជ្រាបពីគោលការណ៍គ្រឹះនៃអត្តសញ្ញាណរបស់AIMF ដើម្បីឲ្យមានគ្រួសារAIMF មួយដែលមានសាមគ្គីភាពសុខដុមរមនា និងដើម្បីធ្វើឲ្យAIMF និងហ្វ្រង់កូហ្វូនី ក្លាយទៅជា«តំបន់សន្តិភាព ភាតរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព» និងរៀបចំព្រឹត្តិការណ៍កីឡាវប្បធម៌ និងទេសចរណ៍នៅក្នុងAIMF ដើម្បីកសាងកិត្តិនាមរបស់AIMF នៅលើពិភពលោក។
លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំងហ្វ្រង់កូហ្វូនី គាំទ្រឲ្យសមាជិកនៃ AIMF បន្តអនុវត្តការងាររបស់ខ្លួនដោយផ្តោតលើបញ្ហាបរិស្ថាន អភិបាលកិច្ច សង្គមកិច្ច ការអប់រំ និងវប្បធម៌ ដែលធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកជំទាវ បានបញ្ជាក់ថា «ហ្វ្រង់កូហ្វូនី គាំទ្ររាល់គម្រោងទាំងឡាយនាពេលអនាគត»។
ឯកឧត្តម Robert Beugre MAMBE អគ្គលេខាធិការ AIMF ប្តេជ្ញាសហការរួមគ្នា ដើម្បីឲ្យសមាជិក AIMF ជាគ្រួសារតែមួយ សំដៅបម្រើផលប្រយោជន៍ដល់ការអភិវឌ្ឍ សុខសន្តិភាព និងវិបុលភាព។
ប្រទេសកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៣៩ និងដើម្បីអបអរសាទរខួបលើកទី៤០នៃសមាគមនេះ នៅរាជធានីភ្នំពេញ ពីថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០១៩នេះ មានគណៈប្រតិភូនៃទីក្រុង និងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមចំនួន៤០២ នាក់ មកពី៤១ប្រទេសដូចជា៖ ប្រទេសបារាំង ប្រទេសហៃទី ប្រទេសកុងហ្គោ ប្រទេសរ៉ូវ៉ាន់ដា​  ប្សរទេសកាំម៉ារ៉ូន ជាដើម។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៍ថា មហាសន្និបាតក្នុងរាជធានីភ្នំពេញក្រោមប្រធានបទ៖« AIMF ភ្នំពេញ៤០ឆ្នាំក្រោយ» ក្នុងខែធ្នូនេះ មានអត្ថន័យភ្ជាប់នឹងទីក្រុងភ្នំពេញ។ ឯកឧត្តម បានជម្រាបគណៈប្រតិភូអន្តរជាតិទាំងនេះថា រាជធានីភ្នំពេញកាលពី៤០ឆ្នាំមុន ជាទីក្រុងខ្មោច ដែលគ្មានមនុស្សរស់ ដោយសារប្រជាជនត្រូវបានជម្លៀសចេញដោយបង្ខំឲ្យទៅធ្វើពលកម្មនៅតាមទីជនបទ និងក្នុងព្រៃ។ ជាមួយគ្នានេះ គ្មានរដ្ឋបាល គ្មានសាលារៀន គ្មានមន្ទីរពេទ្យ គ្មានផ្សារ គ្មានរូបិយវត្ថុ គ្មានអគ្គិសនី គ្មានទឹក ស្អាត ទន្ទឹមគ្នានឹងផ្ទះត្រូវគេរុះរើ និងអគារនានាប្រែទៅជាចាស់ៗទ្រុឌទ្រោមហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញទាំងអស់។សម័យនោះភ្នំពេញ គឺជាទីក្រុងដ៏សោកសង្រេងមួយ។ ប៉ុន្តែក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តពីរ ដែលទី១ គឺ«កម្មវិធីដើម្បីអភិវឌ្ឍសហគមន៍ចំនួន១០០ក្នុងមួយឆ្នាំ» ដោយអនុវត្តគោលនយោបាយផ្តល់សម្បទានដីសង្គម រួមនឹងការអភិវឌ្ឍទីលំនៅដ្ឋាននៅនឹងកន្លែង តាមរយៈផែនការប្រមូលផ្តុំប្រជាជនក្នុងសហគមន៍ក្រីក្របញ្ចូលគ្នាតាមតំបន់ និងយុទ្ធសាស្ត្រទី២ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយផ្អែកលើគោលការណ៍“ស្វ័យអភិវឌ្ឍទីក្រុង” តាមរយៈមូលនិធិបដិភាគដែលចូលរួមដោយប្រជាពលរដ្ឋ ទើបធ្វើឲ្យរាជាធានីភ្នំពេញក្លាយជាទីក្រុងធំ និងមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ន៕