ប្រធានាធិបតីអាមេរិកលើកឡើងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិន និងអាមេរិក ទំនងជាត្រូវរង់ចាំដល់ការបោះឆ្នោតនៅឆ្នាំ ២០២០

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

 លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនអាចនឹងត្រូវរង់ចាំរហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាឆ្នាំ ២០២០ ដោយសង្ឃឹមថានឹងមានដំណោះស្រាយឆាប់រហ័សចំពោះជម្លោះដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកកន្លងមកនេះ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ ២០១៩។

 ប្រាប់ទៅអ្នកសារព័ត៌មាននៅទីក្រុងឡុងដ៍ក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីអាមេរិកបានលើកឡើងថា លោកគ្មានពេលវេលាកំណត់ជាក់លាក់នោះទេចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ហើយវានឹងប្រសើរជាងមុនដោយត្រូវរង់ចាំរហូតដល់ក្រោយការបោះឆ្នោតនៅសហរដ្ឋអាមេរិក ខណៈភាគីចិនចង់បានកិច្ចព្រមព្រៀងនៅពេលនេះ។

 គេមើលឃើញថា ការណ៍ដែលលោកប្រធានាធិបតីអាមេរិកលើកឡើងយ៉ាងដូចនេះគឺជាការដាក់សម្ពាធលើទីក្រុងប៉េកាំងតែប៉ុណ្ណោះ ខណៈភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកបានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យផលិតកម្មរបស់ចិន៕

ប្រភព៖ សារព័ត៌មាន Channel News Asia