អង្ករកម្ពុជា បានទីផ្សារមួយទៀតនៅអាហ្វ្រិកខាងត្បូង

ភ្នំពេញ៖ក្រសួងកសិកម្មកម្ពុជា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានចុះហត្ថលេខាលើអនុស្សរណ:នៃ ការយោគយល់គ្នា (MOU) ស្តីពី ការនាំចេញអង្ករទៅ កាន់ទីផ្សារប្រទេសចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប រវាងក្រុមហ៊ុនមេគង្គអូរីហ្សាត្រេដឌីង ជាមួយក្រុមហ៊ុនហុងកុង ជុងហ៊ុយថៃហ្វូអន្តរជាតិ និងក្រុមហ៊ុនហ្គ្រីន សែហ្វអាហ្រ្វិកគ្រុប។ នេះបើតាមFacebook ក្រសួងកសិកម្ម។

រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់នាពេលនេះ គឺជាជោគជ័យថ្មីមួយទៀតរបស់ក្រសួងកសិកម្ម ក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារចិន សហភាពអឺរ៉ុប និងជាពិសេសនោះគឺទីផ្សារអាហ្វ្រិកខាងត្បូងដែលជាទីផ្សារអង្ករថ្មីមួយទៀត របស់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងកសិកម្ម សង្កត់ធ្ងន់ថា MOUនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញការនាំចេញមាសសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ។ ជាពិសេស ស្របតាមគោល នយោបាយ និងកំណែទម្រង់ផែនការ យុទ្ធសាស្ត្ររបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលស្របតាមអភិក្រម រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម។

ប៊ុន សម្ផស្ស ,FM 96MHz