អភិបាលខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយអង្គការសកម្មភាពកំចាត់មីនជប៉ុនJMAS និងក្រុមហ៊ុន KOMATSU

AKP បាត់ដំបង ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ — ព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានទទួលជួបពិភាក្សាការងារជាមួយអង្គការសកម្មកំចាត់មីនជប៉ុន JMAS និង ក្រុមហ៊ុន KOMATSU ដឹកនាំដោយលោក SHINO nobuyoshi ទីប្រឹក្សាបច្ចេកទេសគម្រោងអង្គការ JMAS ផ្តល់គ្រឿងចក្រជាម៉ាស៊ីនពង្រាបសម្អាតដី៣គ្រឿងជូនដល់រដ្ឋបាលខេត្តបាត់ដំបង និង ជួយម៉ាស៊ីនចម្រោះទឹកស្អាតក្រុមហ៊ុនដល់មន្ទីរពេទ្យខេត្ត នៅឆ្នាំថ្មីខាងមុខនេះ។

បន្ទាប់ពីឯកឧត្តម ងួន រតន: បានធ្វើការស្វាគមន៍ដល់ប្រតិភូភាគីជប៉ុនរួចមក លោក SHINO nobuyoshi ទីប្រឹក្សាបច្ចេកទេសគម្រោងអង្គការ JMAS និងលោក NAGIRA atsushi អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន KOMATSU បានរៀបរាប់ និងធ្វើបទបង្ហាញលើស្លាយដោយបានពន្យល់ពីអត្ថប្រយោជន៍ការប្រើប្រាស់គ្រឿងចក្រលើវិស័យកសិកម្មស្រូវ និងដំណាំកសិ-ឧស្សា ហកម្មក្នុងខេត្តបាត់ដំបង។

លោក SHINO nobuyoshi ទីប្រឹក្សាបច្ចេកទេសគម្រោងអង្គការ JMAS និងលោក NAGIRA atsushi អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន KOMATSU បានធ្វើបទបង្ហាញអំពីគម្រោងដែលអង្គការ និងក្រុមហ៊ុនរបស់លោក ដោយជម្រាបជូនឯកឧត្តមអភិបាលខេត្តថា បន្ទាប់ពីអង្គការបានធ្វើការបោសសម្អាតមីនរយ:ពេល១០ឆ្នាំកន្លងមក គឺសម្អាតដីបាន ២ពាន់ហិកតា ព្រមទាំងបានធ្វើផ្លូវ និងជួយការងារផ្សេងទៀត។ លោកបានបញ្ជាក់ថា គម្រោងការរបស់លោកគឺមានគម្រោងធ្វើនៅ ៥ខេត្តក្នុងប្រទេសកម្ពុជា តែលោកបានជ្រើសរើសយកខេត្តបាត់ដំបងជាខេត្តមានសក្តានុពលមកសាកល្បងធ្វើមុនគេ ដោយផ្តល់គ្រឿងចក្រចំនួន ៣គ្រឿងសម្រាប់ភ្ជួរពង្រាប សម្អាតដីកសិករឱ្យស្មើល្អដើម្បីទទួលបានទិន្នផលច្រើនទៅថ្ងៃអនាគត។

លោកបានបន្តថា គ្រឿងចក្រដែលជាអំណោយត្រូវប្រគល់ជូនរដ្ឋបាលខេត្តនាដើមឆ្នាំថ្មីខាងមុខនេះ ដែលត្រូវអនុវត្តន៍តែម្តង ដោយគ្រាន់តែភាគីរបស់លោកសុំឱ្យមានការគាំទ្រពីរដ្ឋបាលខេត្តប៉ុណ្ណោះ។ នៅក្នុងឱកាសនោះដែរ លោក NAGIRA atsushi អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនYAMAYA បានសន្យានឹងដំឡើងប្រព័ន្ធចម្រោះទឹកស្អាត១គ្រឿងដំបូងជូនដល់មន្ទីរពេទ្យខេត្ត ទុកប្រើប្រាស់ដោយចាប់ផ្តើមដំឡើងកសាងមានរយ:ពេល៣ខែគឺរួចរាល់ ហើយយើងនឹងធ្វើការចាប់ពីខែមករា ឆ្នាំ២០២០ខាងមុខនេះទៅ។

ឯកឧត្តម ងួន រតនៈ បានសូមធ្វើការគាំទ្រ ព្រមទាំងទទួលយកនូវការជ្រោមជ្រែងជួយបង្កលក្ខណ:ដល់ភាគីជប៉ុន ដើម្បីឱ្យដំណើរការនេះសម្រេចបានជោគជ័យ និងថ្លែងអណរគុណដល់ជប៉ុនដែលតែងតែបានជួយកម្ពុជារហូតមក ពិសេសនៅខេត្តបាត់ដំបង៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)