រាជធានីភ្នំពេញ និងក្រុងហ្គីកាលីប្រទេសរ៉ូវ៉ាន់ដាបង្ហាញពីការដោះស្រាយបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍទីក្រុង

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
MC៖ រាជធានីភ្នំពេញ និងក្រុងហ្គីកាលីប្រទេសរ៉ូវ៉ាន់ដាបង្ហាញពីការដោះស្រាយបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍទីក្រុង ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងឱ្យកាន់តែល្អប្រសើរ។
ថ្លែងក្នុងសន្និសីទពេញអង្គស្តីពី«សកម្មភាព ក្នុងការស្ថាបនាឡើងវិញ និងការអភិវឌ្ឍទីក្រុង»នាឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) នៅសណ្ឋាគាសុខាភ្នំពេញ ពីថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តមកែប ជុតិមា តំណាងរាស្រ្ត និងជាអតីអភិបាលរាជធានីភ្នំពេញលើកឡើងថា បញ្ហាប្រឈមនៅក្នុងរាជធានីភ្នំពេញ មានដូចជា៖ ការកកស្ទះចរាចរណ៍ ជំនន់ទឹកភ្លៀងធ្វើឱ្យស្ទះលូ កង្វក់បរិស្ថាន ។
ឯកឧត្តមបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ សាលារាជធានីភ្នំពេញបានខិតខំប្រឹងប្រែងក្នុងការពង្រីកផ្លូវថ្នល់ ផ្លូវថ្មើជើង កសាងស្ពានអាកាស ផ្លូវក្រោមដីជាបន្តបន្ទាប់ដោយប្រើប្រាស់ថវិការាជរដ្ឋាភិបាល និងកម្ចីពីដៃគូអភិវឌ្ឍនានា។ ជាមួយគ្នានោះក៏មានការស្តារ និងពង្រីកប្រព័ន្ធលូដើម្បីកាត់បន្ថយការជន់លិចទីក្រុងពី២៤ម៉ោងមកត្រឹមតែ៦ម៉ោងវិញ។
លោកស្រី ណាឌីន អ៊ុយម៉ុយតូនី ហ្គាស៊ិនហ្ស៊ី អភិបាលរងក្រុង ហ្គីកាលី នៃប្រទេសរ៉ូវ៉ាន់ដា បានលើកឡើងថា រដ្ឋបាលក្រុង ហ្គីកាលីបានដាក់ចេញនូវផែនការផ្សះផ្សាជាតិក្នុងចំណោមជាតិសាសន៍ជាច្រើនដែលរស់នៅទីក្រុងអោយចេះសាមគ្គី និងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធធ្វើស្ពាន ផ្លូវថ្នល់ ក្នុងមួយខែម្តងដែលត្រូវនឹងថ្ងៃសៅរ៍។
លោកស្រីបន្តថា នៅពេលដែលមានការតម្រូវឱ្យមានការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងរដ្ឋាភិបាលបានគិតគូចម្បងទីតាំងភូមិសាស្រ្តសុវត្ថិភាព ដោយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មន្ទីពេទ្យ សាលារៀនទឹកភ្លើងជាដើម។
សូមបញ្ជាក់ថា ការចែករំលែកបទពិសោធន៍ និងដោះស្រាយបញ្ហាប្រឈមនានានៅក្នុងទីក្រុងរបស់កម្ពុជា និងប្រទេសរ៉ូវ៉ានដានេះ ក្នុងគោលបំណងឱ្យគណៈប្រតិភូ នៃសមាគមទីក្រុងប្រើប្រាស់ភាសារបារាំងបានយល់ដឹង និងយកទៅអនុវត្តនៅតាមបណ្តាប្រទេសរបស់ពួកគេរៀងៗខ្លួនតាមស្ថានភាពជាក់ស្តែង៕