អាជ្ញាធរខេត្តកំពតរៀបចំចំណតទូកដឹកអ្នកទេសចរមើលសត្វអំពិលអំពែកឡើងវិញដើម្បីទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្ត

វិទ្យុជាតិកម្ពុជា៖ ដោយ ប៉ុង សុភាវី ០៣ ធ្នូ ២០១៩៖


អាជ្ញាធរខេត្តកំពតរៀបចំចំណតទូកដឹកអ្នកទេសចរមើលសត្វអំពិលអំពែកឡើងវិញដើម្បីទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តឱ្យបានកាន់តែច្រើន។
ទូកដឹកអ្នកទេសចរមើលសត្វអំពិលអំពែក និងមើលថ្ងៃលិច នៅខេត្តកំពតត្រូវ បានបន្លាស់ទីចំណតតាមបណ្តោយឆ្នេរព្រែកកំពង់បាយពីផ្នែកខាងកើត ទៅត្រើយខាងលិច ដើម្បី ពង្រីកវិសាលភាពកម្សាន្តឱ្យធំទូលាយជាងមុន ជាពិសេសប្រជាពលរដ្ឋអាចប្រកបមុខរបរបន្ថែមបាន។
លោក សយ ស៊ីណុល ប្រធានមន្ទីខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការបន្លាស់ទីចំណតតាមបណ្តោយឆ្នេរព្រែកកំពង់បាយផ្នែកខាងកើត ទៅត្រើយខាងលិចនេះ គឺក្នុងគោលបំណងធ្វើឱ្យបណ្តោយឆ្នេរនេះក្លាយជាទីកម្សាន្តដ៏ទាក់ទាញសម្រាប់ភ្ញៀវក្នុងការដើរលំហែកាយ អង្គុយគយគន់់ថ្ងៃលិច និងជាពិសេសផ្តល់សោភ័ណភាពក្នុងក្រុង អាចប្រកបមុខរបរបន្ថែមបាន។
យើងប្ដូរទៅដាក់ខាងម្ខាងទៀត យើងទទួលបានផលប្រយោជន៍ជាច្រើន ទី១គឺទូលាយអាចមានលទ្ធភាពក្នុងការពង្រីករៀបចំចំណត ទី២គឺផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋដែលនៅត្រើយខាងលិចអាចប្រកបមុខរបរបានតូចតាច និងទី៣ធ្វើឲ្យមានការអភិវឌ្ឍនៅតំបន់ខាងលិចបន្ថែម។
សូមបញ្ជាក់ថា អាជ្ញាធរខេត្តកំពត បានសម្រេចឱ្យទូកដឹកអ្នកទេសចរណ៍មើលអំពិលអំពែក មើលថ្ងៃលិចទាំងអស់ ចាកចេញពីត្រើយខាងកើតមុខសាលាខេត្តទៅត្រើយខាងលិចវិញត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ៕