ពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ គ្រោងរៀបចំនៅពាក់កណ្តាលខែធ្នូនេះ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ៖

ពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ គ្រោងរៀបចំនៅពាក់កណ្តាលខែធ្នូនេះ ក្នុងគោលបំណងលើកស្ទួយស្នាដៃរបស់អ្នកនិពន្ធខ្មែរ និងផ្សព្វផ្សាយពីវិស័យបោះពុម្ពនៅកម្ពុជាក៏ដូចជា លើកទឹកចិត្តការសរសេរ និងទម្លាប់នៃការអាន ។

ក្រុមគ្រួសារនៃពិព័រណ៍សៀវភៅកម្ពុជានេះ បានសហការគ្នាដើម្បីប្រារព្ធពិព័រណ៍នេះជាលើកទី៨ ក្រោមប្រធានបទ ផ្ដើមក្តីស្រម៉ៃ ដៃកាន់សៀវភៅ ដើម្បីបង្កើនការបណ្តុះបណ្តាលធនធានមនុស្សឆ្លើយតបទៅនឹងគោលដៅអប់រំជាតិ ផ្សព្វផ្សាយនូវវប្បធម៌នៃការអានសៀវភៅ ក្នុងសង្គមខ្មែរ ជាពិសេសយុវជន និងយុវនារីខ្មែរ ដែលជាទំពាំងស្នងឬស្សីនិងជាធនធានមនុស្សដ៏សំខាន់ដើម្បីអភិវឌ្ឍប្រទេសជាតិ។

កម្មវិធីពិព័រណ៍សៀវភៅកម្ពុជា ក្រោមប្រធានបទ ផ្ដើមក្តីស្រម៉ៃ ដៃកាន់សៀវភៅនេះ មានការឧបត្ថម្ភដោយក្រុមហ៊ុន Nescafe ដែលនឹងរៀបចំឡើងរយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូខាងមុខនេះ នៅឯបណ្ណាល័យជាតិ ។

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍សៀវភៅកម្ពុជានេះ បានរៀបចំ៧លើករួមមកហើយ ដោយមានការចូលរួមពីអ្នកបោះពុម្ព សៀវភៅ អ្នកអានសៀវភៅ បណ្ណារក្ស អង្គការនានាដែលធ្វើការទាក់ទងជាមួយនឹង សៀវភៅ អ្នកនិពន្ធ និងវិចិត្រករផងដែរ ៕