អ្នកការទូត៖ សហរដ្ឋអាមេរិកស្វែងរកសន្ធិសញ្ញាត្រួតពិនិត្យអាវុធជាមួយ ​រុស្ស៊ី និងចិនដោយមិនសម្រេចចិត្តលើ START ទេ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ — តាមការបញ្ជាក់របស់លោក គ្រីស្តូហ្វឺ ហ្វដស៍ (Christopher Ford)ទទួលបន្ទុក​ការងារ​សន្តិសុខអន្តរជាតិ និងមិនរីកសាយអាវុធបាននិយាយថា សហរដ្ឋអាមេរិកនៅតែមិនទាន់​សម្រេចចិត្តថា តើត្រូវពង្រីកសន្ធិសញ្ញា New START ជាមួយប្រទេសរុស្ស៊ី នៅពេលដែលផុត​កំណត់ ហើយនិងចង់បានក្របខ័ណ្ឌទូលំទូលាយមួយ​ដែលរួមបញ្ចូលទាំងប្រទេសចិន នឹងការ​ប្រកួតប្រជែងត្រីភាគី ដែលកំពុងលេចចេញមក។

លោក Ford បាននិយាយថា យើងមិនបានធ្វើការសម្រេចចិត្តតាមវិធីមួយ​ឬមួយផ្សេង​ទៀតទេ។ យើងកំពុងសួរសំណួរនេះមួយផ្នែក តាមរយៈភាពមិនច្បាស់ថា តើសំណួរនៃ​ការបន្ថែម STARTថ្មី អាចជួយដល់អ្វីដែលយើងគិតថា ជាគោលបំណងសំខាន់ជាងនេះ ​ហើយនេះ គឺដើម្បីស្វែងរកក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងអាវុធ ដែលមានសមត្ថភាព ហើយ​នឹង​ជួយដល់ការប្រណាំងប្រជែងអាវុធដែលកំពុងរីកចម្រើននៅលើសង្វៀននុយក្លេអ៊ែរ។

អ្នកការទូតរូបនេះបានរំលឹកឡើងវិញនូវការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ចំពោះ​ផែន​ការបង្កើតយោធារបស់ប្រទេសទាំងពីរ រួមទាំងចេតនារបស់ចិនក្នុងការបង្កើនឃ្លាំង​អាវុធ​នុយក្លេអ៊ែររបស់ខ្លួនទ្វេដងនៅទសវត្សរ៍ក្រោយនេះ និងប្រព័ន្ធបញ្ជូនយុទ្ធសាស្ត្រថ្មីរបស់រុស្ស៊ី។

លោក Ford បាននិយាយថា ភាគច្រើននៃបញ្ហានេះនឹងមិនត្រូវបានគ្រប​ដណ្តប់ដោយ​កម្មវិធី STARTថ្មី នៅក្នុងសេណារីយ៉ូណាមួយឡើយ។ ពិតជាចាំបាច់ណាស់ដែលយើងត្រូវ​រកវិធីដោះស្រាយ​បញ្ហាប្រឈមរបស់រុស្ស៊ី និងចិននៅក្នុងក្របខ័ណ្ឌត្រួតពិនិត្យអាវុធ ហើយមិន​មានមធ្យោបាយធ្វើវានាពេលបច្ចុប្បន្ននេះទេ។ គោលបំណងរបស់យើង គឺស្វែងរកវិធីនោះ។

លោក Ford បាននិយាយទៀតថា នៅមានពេលច្រើនទៀតក្នុងការទាក់ទងជាមួយ​រុស្ស៊ី និងចិននឹងឆ្ពោះទៅមុខក្នុងគោលបំណងនៃក្របខ័ណ្ឌត្រីភាគី។

សន្ធិសញ្ញា New START ត្រូវបានចុះហត្ថលេខាដោយមហាអំណាចនុយក្លេអ៊ែរធំ​បំផុត​ពីរ​របស់ពិភពលោក គឺរុស្ស៊ី និងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១០ ហើយនៅតែជា​សន្ធិសញ្ញា​ត្រួតពិនិត្យអាវុធនុយក្លេអ៊ែរធំចុងក្រោយរវាងប្រទេសទាំងពីរ។ សន្ធិសញ្ញានេះ​ផុតកំណត់នៅ​ខែកុម្ភៈ ឆ្នាំ២០២១ ហើយទីក្រុងវ៉ាស៊ីនតោនមិនទាន់បានប្រកាសពីផែនការណាមួយទាក់ទង​នឹងការពន្យារពេលរបស់ខ្លួននៅឡើយទេ៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)