អ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក លើកឡើងពីការបង្កើនសមត្ថភាពរបស់សម្ព័ន្ធមិត្ត​ ចំពេលដែលកិច្ចពិភាក្សាចែករំលែកចំណាយការពារជាតិជាមួយកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ — អ្នកការទូតកំពូលអាមេរិកប្រចាំនៅអាស៊ីបូព៌ាបាននិយាយកាលពីថ្ងៃចន្ទថា លោក​បាន​ឃើញសមត្ថភាពរបស់កូរ៉េខាងត្បូង និងជប៉ុនកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានទសវត្សថ្មីៗនេះ​តាមការអំពាវនាវឱ្យសម្ព័ន្ធមិត្តទាំងពីរចូលរួមវិភាគទានបន្ថែមទៀតដើម្បីការពារជាតិរួមគ្នា។

ការអត្ថាធិប្បាយរបស់លោក David Stilwell ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស​អាមេរិក​ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានធ្វើឡើងចំពេលដែលទីក្រុងសេអ៊ូល និង​វ៉ាស៊ីនតោនបាននឹងកំពុងចរចាគ្នាពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងថ្មី ស្តីពីការចែករំលែកការ​ចំណាយសម្រាប់ការឈរជើងរបស់កងទ័ពអាមេរិកចំនួន២៨.៥០០នាក់ នៅក្នុងប្រទេសកូរ៉េ​ខាងត្បូង។

កិច្ចចរចាលើកទី៤ គ្រោងនឹងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអង្គារ និងថ្ងៃពុធ​ចំពេល​មានរបាយការណ៍ថា រដ្ឋបាលលោក Trump បានទាមទារឱ្យមានការបង្កើនចំនួនប្រាំ​ដង​នៃការចូលរួមចំណែករបស់ក្រុងសេអ៊ូល ដែលមានទឹកប្រាក់ប្រមាណជិត៥ ពាន់លាន​ដុល្លារ​អាមេរិកនៅឆ្នាំក្រោយនេះ។

នៅក្នុងព្រឹត្តិការណ៍មួយនៅឯវិទ្យាស្ថាន Brookings Institution, លោក Stilwell បាន​និយាយថា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមិនមានហេតុផល ដើម្បីសង្ស័យពីការប្តេជ្ញាចិត្ត​របស់ទីក្រុងវ៉ាស៊ីនតោនចំពោះពួកគេទេ។

លោក Stilwell បាននិយាយថា ខ្ញុំមិនចង់និយាយថា « ពេញចិត្ត » ឬ « ទទួលបានការ​អនុញ្ញាតិទេ » ប៉ុន្តែខ្ញុំមានដំណើរកម្សាន្តចំនួន២នៅប្រទេសកូរ៉េ នឹងដំណើរកម្សាន្តពីរនៅ​ប្រទេស​​ជប៉ុន​រយៈពេល៦ឆ្នាំ ដោយសំអាងលើសេវាកម្មកន្លងមករបស់គាត់នៅក្នុង​កងទ័ព​អាកាស។

ប៉ុន្មានខែចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធជាសាធារណៈទៅលើ​ទីក្រុងសេអ៊ូលឱ្យដកសេចក្តីសម្រេចរបស់ខ្លួន ដើម្បីបញ្ចប់កិច្ចព្រមព្រៀងចែករំលែកការស៊ើប​ការណ៍​សម្ងាត់យោធាជាមួយទីក្រុងតូក្យូ ​ដែលសហរដ្ឋអាមេរិកបានចាត់ទុកថា ជាវេទិកាមួយ​សម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគីប្រឆាំងនឹងការគំរាមកំហែងសន្តិសុខក្នុងតំបន់៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)