សហរដ្ឋអាមេរិកបង្ហោះយន្តហោះស៊ើបការណ៍ម្តងទៀត នៅលើតំបន់មួយចំនួននៃរដ្ឋធានីប្រទសកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩​ — កាលពីថ្ងៃចន្ទ អ្នកតាមដានដែនអាកាសចរណ៍ម្នាក់បាននិយាយថា យន្ដហោះស៊ើបការណ៍របស់សហរដ្ឋអាមេរិកមួយបានហោះពីលើឧបទ្វីបកូរ៉េក្នុងបេសកកម្មមួយ ដើម្បីឃ្លាំមើលប្រទេសកូរ៉េខាងជើង ចំពេលដែលមានការព្រួយបារម្ភថា ប្រទេសកុម្មុយនិស្តមួយនេះអាចនឹងបង្កហេតុខាងយោធាបន្ថែមទៀតបន្ទាប់ពីការបាញ់រ៉ុក្កែតរយៈចម្ងាយខ្លីកាលពីសប្តាហ៍មុន។

យន្តហោះដែលត្រូវបានគេជឿថា ជាយន្តហោះ RC-135W Ribet Joint ត្រូវបានគេប្រទះឃើញហោះហើរនៅលើមេឃនៅលើសមុទ្រលឿងរបស់កូរ៉េខាងត្បូង និងតំបន់មួយចំនួននៃរដ្ឋធានីរបស់កូរ៉េខាងត្បូង       « ដែលកំពុងបំពេញភារកិច្ចលើឧបទ្វីបកូរ៉េ »។ វាមិនបានបញ្ជាក់អំពីពេលវេលាពិតប្រាកដ​ នៃប្រតិបត្តិការ នោះទេ។

ប្រតិបត្តិការនេះ គឺជាប្រតិបត្តិការចុងក្រោយបំផុតនៅក្នុងការដាក់ពង្រាយយន្ដហោះស៊ើបការណ៍យោធាជាច្រើនរបស់សហរដ្ឋអាមេរិក ដែលរួមមានយន្ដហោះ U-2S, EP-3C, E-8C និង RC-135V នៅលើឧបទ្វីបនេះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបានកើតឡើងនៅពេលដែលទីក្រុងព្យុងយ៉ាងបានធ្វើឱ្យមានភាពតានតឹងតាមរយៈចលនាយោធា។

កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់រ៉ុក្កែតចម្រុះធំមួយ ដែលជាការបាញ់សាកល្បងអាវុធធំលើកទី ១៣ រហូតមកដល់ពេលនេះ។ ហើយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កូរ៉េ-ខាងជើងបានធ្វើសមយុទ្ធបាញ់កាំភ្លើងតាមឆ្នេរសមុទ្រក្រោមការដឹកនាំរបស់មេដឹកនាំ លោក គីម ជុងអ៊ុន នៅលើកោះព្រំដែនសមុទ្រលឿងនៃតំបន់ Changrin ។

សកម្មភាពបែបនេះបានកើតឡើងនៅមុនកាលបរិច្ឆេទកំណត់ចុងឆ្នាំ ដែលទីក្រុងព្យុងយ៉ាងបានកំណត់សម្រាប់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ហាញអំពីភាពបត់បែនក្នុងកិច្ចចរចាអាវុធនុយក្លេអ៊ែរ ដែលមានការរីកចម្រើនតិចតួចចាប់តាំងពីការបែកបាក់នៃកិច្ចប្រជុំកំពូលរបស់ពួកគេនៅទីក្រុងហាណូយ កាលពីខែកុម្ភៈកន្លងមក៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)