SEA (ស៊ីហ្គេម ៣០)៖ ព្រឹត្តិការណ៍នានា រៀបចំឡើងវិញ ដោយសារព្យុះ Kammuri

AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ — អ្នករៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម ៣០) ដែលកំពុងបន្តនៅថ្ងៃទី២ ធ្នូ បានប្រកាសពីការផ្លាស់ប្តូរព្រឹត្តិការណ៍មួយចំនួន ដោយគេរំពឹងថា នឹងធ្វើឡើងនៅក្នុងទីក្រុង​ស៊ូប៊ិច​( Subic) របស់ហ្វីលីពីន ដោយសារការភ័យខ្លាចនៃព្យុះ Kammuri ។

ព្យុះទីហ្វុងដ៏ធំមួយនេះ ត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារប្រទេសហ្វីលីពីន​នៅ​ថ្ងៃទី៣ ខែធ្នូនេះ ជាមួយនឹងល្បឿនខ្យល់កើនឡើងដល់ ១៦២ គីឡូម៉ែត្រក្នុងមួយម៉ោង។

កីឡាដែលរងផលប៉ះពាល់ គឺការប្រគួតបាល់ទះលើឆ្នេរខ្សាច់ ជិះស្គីលើទឹក បាល់ទះ, ផេនថលឡុង, ទ្រីយ៉ាថុល, ឌុយថុល, ទូកក្ដោង, ជិះទូកលេងខ្យល់បក់, ប៊ិចស៊ីឡាត, កីឡា​ប្រដាល់ ក៏ដូចជាទូកកាណូទូកកាយ៉ាក់ និងប្រណាំងទូកប្រពៃណី។ ព្រឹត្តិការណ៍នៅថ្ងៃទី៣ ខែធ្នូនេះ ត្រូវបានលុបចោល ហើយរំពឹងថា នឹងបន្តនៅក្នុង​រយៈពេល ២ថ្ងៃបន្ទាប់។

ទន្ទឹមនឹងនេះកាលវិភាគនៃកីឡាវាយកូនបាល់លើតុ អុក បាល់បោះឆ្នេរខ្សាច់ ហែលទឹក និងតាកប៉ាកនៅតែមិនផ្លាស់ប្តូរ។ ដោយឡែក កាលពីថ្ងៃទី០១ ខែធ្នូ ​កន្លងទៅនេះ ប្រទេសហ្វីលីពីនបានចាប់ផ្តើមជម្លៀស​ប្រជាជន​រាប់ពាន់នាក់ខណៈព្យុះ Kammuri កំពុងតែពង្រឹង។

យោងតាមគណៈកម្មាធិការរៀបចំការប្រកួតស៊ីហ្គេម៣០ អាជ្ញាធរនៃប្រទេសនេះ បាន​ដាក់​ចេញនូវផែនការជាច្រើន ដើម្បីដោះស្រាយជាមួយព្យុះនេះ មានដូចជា ការលុបចោលនូវ​លទ្ធភាព​នៃការប្រកួតក្រៅម៉ោងដែលបានគ្រោងទុកនៅលើកោះ លូហ្សុន (Luzon) ​នៅភាគ​ខាង​ជើង​នៃប្រទេស។

អាជ្ញាធរហ្វីលីពីនបាននិយាយថា អាកាសយានដ្ឋានអន្តរជាតិនៅក្នុងទីក្រុងម៉ានីល នឹង​ត្រូវបិទជាបណ្តោះអាសន្ននៅថ្ងៃទី០៣ ខែធ្នូនេះ ដោយសារការគំរាមកំហែងដែលបង្កឡើង​ដោយ​ព្យុះ Kammuri ។

លោក Ed Monreal អគ្គនាយកនៃអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិ​ទីក្រុងម៉ានីល​បាននិយាយថា អាកាសយានដ្ឋាននឹងត្រូវបិទចាប់ពីម៉ោង១១ព្រឹក ថ្ងៃទី០៣ ធ្នូ រហូតដល់​ម៉ោង១១យប់(ម៉ោងនៅហ្វីលីពីន)។

ព្យុះ Kammuri ត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារប្រទេសហ្វីលីពីននៅថ្ងៃទី០៣ ខែធ្នូ ជាមួយនឹងល្បឿនខ្យល់កើនឡើងដល់ ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង។ វាគឺជាព្យុះលើកទី២០ហើយ ដែលបានវាយប្រហារប្រទេសហ្វីលីពីននៅឆ្នាំនេះ៕

(ប្រភព VNA: បកប្រែដោយលោក មាស សំអុល)