ការដាក់ទណ្ឌកម្មរបស់ចិនដើម្បីឱ្យមានប្រសិទ្ធិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកចំពោះការគាំទ្រអំពើហិង្សានៅហុងកុង

AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩​ — រឿងនេះកើតឡើងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Trump បានណែនាំនូវការធ្វើវិសោធនកម្មលើគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលមានស្រាប់ ស្តីពីហុងកុង ដែលអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មទៅលើបណ្តាមន្ត្រីនៅក្នុងតំបន់រដ្ឋបាលពិសេសនេះ។

ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ប្រទេសចិនកំពុងណែនាំអំពីការដាក់ទណ្ឌកម្ម ប្រយុទ្ធប្រឆាំងនឹងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន របស់សហរដ្ឋអាមេរិក ដែលរួមមានទាំងអង្គការឃ្លាំមើលសិទិ្ធមនុស្សផងដែរ ក្នុងការសងសឹកចំពោះច្បាប់របស់សហរដ្ឋអាមេរិកដែលហាមឃាត់ការនាំចេញអាវុធគ្រប់គ្រងហ្វូងមនុស្សទៅកាន់ប៉ូលិសហុងកុង និងគាំទ្រក្រុមបាតុករនៅក្នុងទីក្រុង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា «កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានអនុម័តច្បាប់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់ហុងកុង ឆ្នាំ២០១៩ ដោយមិនអើពើនឹងការតវ៉ារបស់ចិនទៅលើបញ្ហានេះ។ នេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃទំនាក់ទំនងអន្តរជាតិ ក៏ដូចជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានធ្វើការតវ៉ាជាមួយសហរដ្ឋអាមេរិករួចហើយអំពីបញ្ហានេះ។ នៅពេលនេះ ប្រទេសចិនបានសម្រេចដាក់ចេញនូវទណ្ឌកម្មទៅលើអង្គការក្រៅរដ្ឋាភិបាលមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលរួមមានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការ Freedom House»។

ក្រសួងការបរទេសចិនបាននិយាយបន្ថែមទៀតថា ប្រទេសចិនបានផ្អាកការត្រួតពិនិត្យទៅលើសំណើរសុំដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹក និងទ័ពអាកាសរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនហើយ។ នៅពេលដែលត្រូវបានសួរថា តើនៅពេលណាទើបទីក្រុងប៉េកាំងនឹងបន្តពិនិត្យឡើងវិញនូវសំណើនេះ លោកស្រី Hua បាននិយាយថា វាពឹងផ្អែកទៅលើជំហានបន្តទៀតដោយសហរដ្ឋអាមេរិក៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)