មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញឲ្យប្រជាជនទាំងអស់បន្តចូលរួមទប់ស្កាត់ការប្រើប្រាស់សំណល់ប្លាស្ទិក

វិទ្យុជាតិកម្ពុជា ៖អត្ថបទ យី វិច្ឆិកា ០៣ ១២ ២០១៩៖

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញឲ្យប្រជាជនទាំងអស់បន្តចូលរួមទប់ស្កាត់ការប្រើប្រាស់សំណល់ប្លាស្ទិកនៅកម្ពុជា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋនិងរួមចំណែកការពារអេកូឡូស៊ី ។
ថ្លែងក្នុងវេទិកាជាតិស្តីពី សកម្មភាពទប់ស្កាត់សំណល់ប្លាស្ទិកនៅកម្ពុជា ដែលធ្វើឡើងនៅ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៣ ខែ ធ្នូ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលខាធិកា ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ផលប៉ះពាល់បរិស្ថានដែលបង្ករឡើងដោយ ប្លាស្ទិកនេះ វាបានបំផ្លាញនិងបំពុលធ្ងន់ធ្ងរ ដូចជា ជីវៈចម្រុះ ជីវិតសត្វសមុទ្រ បរិស្ថានធម្មជាតិ និងបង្ករហានិភ័យដល់សុខភាពសាធារណៈ ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់សហការគ្នា ដើម្បីធ្វើយ៉ាងឲ្យការប្រើប្រាស់ប្លាស្ទិកមានការទុកដាក់ឲ្យបានត្រឹមត្រូវ រឺមានការកែច្នៃ ។
ឯកឧត្តមបន្តថាកន្លងមកក្រសួងបរិស្ថានតែងតែផ្សព្វផ្សាយអំពីផលប៉ះពាល់និងការទុកដាក់ ថង់ប្លាស្ទិក ដល់សាធារណៈជនក្នុង ន័យកាត់បន្ថយនៃការប្រើប្រាស់ថង់ប្លាស្ទិកអោយនៅកម្រិតទាប និងឲ្យមានការប្រើប្រាស់និងកែច្នៃឡើងវិញ។
« ប្លាស្ទិកបង្ករផលប៉ះពាល់បំពុលបរិស្ថាន យ៉ាងខ្លាំងរួមមាន ខ្យល់ ទឹក និងដី ទី២ សំណល់ប្លាស្ទិកអាចសំលាប់ជីវិតសត្វព្រៃនិងសត្វសមុទ្រ ទី៣ ប៉ះពាល់យ៉ាងខ្លាំងដល់សុខាមាលភាពមនុស្ស ទី៤ យើងត្រូវចំណាយថវិការច្រើនក្នុងការសំអាត ទី៥ ប្លាស្ទិកមួយចំនួនវាមិនងាយនិងរលួយនិងមិនអាចកែរច្នៃឡើងវិញបាននោះទេ ទី៦ ផលប៉ះពាល់សេដ្ឋកិច្ចជាតិជាខ្លាំងនៅពេលទឹកដីនិងខ្យល់ត្រូវបានបំពុលដោយប្លាស្ទិក » ។
ឯកឧត្តមបញ្ជាក់ថា ខេត្ត-រាជធានីធំៗ ដែលបង្កើតបរិមាណសំរាមច្រើនជាងគេរួមមាន រាជធានីភ្នំពេញ ប្រមាណជាង ៣០០០ តោនក្នុងមួយថ្ងៃ ក្នុងនោះ ២០ ភាគរយជាសំណល់ប្លាស្ទិក ចំណែកក្រុងព្រះសីហនុ មានប្រមាណ ៧០០តោន ក្នុងមួយថ្ងៃក្នុងនោះ ៣៤ ភាគរយ ជាសំណល់ប្លាស្ទិកនិងក្រុងសៀមរាបប្រមាណ៤០០តោនក្នុងមួយថ្ងៃ ក្នុងនោះ២០,៧ភាគរយជាសំណល់ប្លាស្ទិក។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានសំណល់សំរាម ក្នុងមួយឆ្នាំមានប្រមាណជាង ៤ លានតោន ក្នុងនោះប្រមាណ ២០ ភាគរយ ជាសំណល់ប្លាស្ទិក ៕