រាជរដ្ឋាភិបាល ប្តេជ្ញាលើកកម្ពស់សិទ្ធិរស់រានមានជីវិត សិទ្ធិការពារដល់ជនមានពិការភាពឲ្យកាន់តែទូលំទូលាយ

វិទ្យុជាតិកម្ពុជា អត្ថបទ ៖ជួន បូណា ៣ ១២ ១៩៖

រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការលើកកម្ពស់សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួម ពិសេសការបញ្ចូលជនមានពិការភាព ទៅក្នុងកិច្ចអភិវឌ្ឍសម្រាប់សង្គមជាតិ និងពិភពលោកទាំងមូល។ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានផ្តល់សេវាគាំទ្រដល់ការរស់នៅ ផ្តល់កន្លែងស្នាក់អាស្រ័យ និងសេវាសហគមន៍ផ្សេងៗទៀតដល់ជនមានពិការភាព និងអតីតយុទ្ធជនមានពិការភាព ដើម្បីជួយឱ្យពួកគេទទួលបានសិទ្ធិជាមូលដ្ឋានរួមបញ្ចូលទាំងការចូលរួមយ៉ាងពេញលេញនៅសហគមន៍ ។ថ្លែងក្នុងសន្និបាតបូកសរុបការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ នាព្រឹកថ្ងៃទី ៣ ខែធ្នូ នៅសាលមហោស្របកោះពេជ្រ សម្ដេច ក្រឡាហោម បានបញ្ជាក់ថា សិទ្ធិទទួលបានការងារនិងឱកាសចិញ្ចឹមជីវិតឈរលើទីផ្សារការងារព្រមទាំងបរិយាកាសការងារបើកទូលាយសម្រាប់ជនមានពិការភាព ត្រូវបានទទួលស្គាល់ និងយកចិត្តទុកដាក់ព្រមទាំងមានការជំរុញពីសំណាក់រាជរដ្ឋាភិបាល ដោយហាមឃាត់ដាច់ខាត ចំពោះការរើសអើងពិការភាពលើគ្រប់ទម្រង់នៃការងាររួមទាំងលក្ខខណ្ឌនៃការជ្រើសរើស ការជួល ការបម្រើការងារ ការបន្តការងារការអភិវឌ្ឍមុខរបរ និងលក្ខខណ្ឌការងារដែលមានសុវត្ថិភាពនិងផាសុកភាព។សម្ដេច ក្រឡាហោម បន្ដថា សិទ្ធិរបស់ជនមានពិការភាពក៏ត្រូវបានការពារ ដោយច្បាប់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងការពារសិទ្ធិសេរីភាព ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ ការរើសអើងចំពោះជនមានពិការភាព ដើម្បីធានាដល់សិទ្ធិស្មើភាពគ្នានៃសកម្មភាព ក្នុងសង្គមរវាងជនមានពិការភាពនិងមិនមានពិការភាព ។ ក្នុងឱកាសនោះ ឯកឧត្ដម វង សូត្រ រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចំណាយថវិការដ្ឋយ៉ាងច្រើន ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជា សំដៅជួយដល់ជនមានពិការភាពនិងក្រុមគ្រួសារ ឱ្យទទួលបានគុណភាពជីវិតល្អប្រសើរគ្មានការរើសអើង ទទួលបានសេវាសង្គមនិងសេវាសាធារណៈប្រកបដោយគុណភាពរួមទាំងជំរុញឱ្យជនមានពិការភាព បានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ការទទួលបានការគោរពសេច ក្តីថ្លៃថ្នូរ ព្រមទាំង ធ្វើបរិយាបន្ន ការងារពិការភាពក្នុងគ្រប់វិស័យ ការចុះផ្សព្វផ្សាយការយល់ដឹងអំពីវិស័យពិការភាពទៅគ្រប់ក្រសួង ស្ថាប័នរដ្ឋ រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិវិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានាជាដើម។ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល មានឆន្ទៈខ្ពស់ក្នុងការលុបបំបាត់ឧបសគ្គនានា ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព រួមទាំងបង្កើតនូវ យុទ្ធនាការប្រើប្រាស់ភាសាលើកទឹកចិត្តដល់ជនមានពិការភាព ដោយមិនអនុញ្ញាតឱ្យប្រើពាក្យអសុរស ក្នុងន័យប្រមាថ មាក់ងាយ និងរើសអើងជនមានពិការភាព ដែលផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់ សិទ្ធិជនពិការដែលបានអនុម័តប្រកាសឱ្យប្រើតាំងពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៩ ។ សូមបញ្ជាក់ថា ផ្អែកតាមការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ២០១៤ បានបង្ហាញថា ប្រេវ៉ាឡង់នៃអត្រាពិការភាពមាន ៤% នៃចំនួនប្រជារាស្ត្រកម្ពុជាសរុប ហើយចំនួនជនមានពិការភាពមានចំនួនប្រមាណ ៥២៤.០០០នាក់៕