រដ្ឋបាលរាជធានីភ្នំពេញចែករំលែកផែនការអភិវឌ្ឍទីក្រុងដែលភាពធន់ទៅដល់អភិបាលក្រុងប្រើប្រាស់ភាសាបារាំង វិទ្យុជាតិកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​ និង​លោក​ ចន​ ណារិទ្ធ​៖

រដ្ឋបាលរាជធានីភ្នំពេញចែករំលែកផែនការអភិវឌ្ឍទីក្រុងដែលភាពធន់ទៅដល់បណ្តា ប្រទេសជាសមាជិកនៃសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដើម្បីបានជា បទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយភាពរឹងមាំសម្រាប់ការរស់នៅរបស់ប្រជាជន។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣ ខែធ្នូនេះបានថ្លែងបើក សន្និសីទស្តីពីទីក្រុងដែលមានភាពធន់ ការគិតគូរអំពីបញ្ហាប្រឈមនិងការស្ថាបនាទីក្រុងឡើង វិញនៅក្នុងមហាសន្និបាតលើកទី៣៩ របស់សមសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលមានគណៈប្រតិភូរនៃទីក្រុងនិងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមចំនួន៤០២ នាក់ អញ្ចើញមកពី៤១ប្រទេសនៅទូទំាងពិភពលោក។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានថ្លែងថា ការបង្ហាញប្រធានបទស្តីពីទីក្រុងដែលមានភាពធន់ ការគិតគូរអំពីបញ្ហាប្រឈមនិងការស្ថាបនាទីក្រុងឡើងនេះ គឺដើម្បី អោយរដ្ឋជាសមាជិកទំាងអស់បានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ទីក្រុងភ្នំពេញក្នុងរយៈពេល៤០ឆ្នាំក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ គឺ បន្ទាប់ពីទីក្រុងនេះបានបំភ្លិចបំផ្លាញស្ទើតែទំាងស្រុងដោយសារសង្គ្រាមអូសបន្លាយជាច្រើន ទស្សវត្សរ៍ ដែលពេលនោះរាជធានីភ្នំពេញត្រូវបានគេហៅថាទីក្រុងមានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ និងគ្មានអ្វីៗទំាងអស់ គឺមានតែគំនរផេះផង់ និងជាទីក្រុងខ្មោច។
ឯកឧត្តមបានអៈអាងថា ក្រោមការដឹកនាំដល់ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើអោយទីក្រុងនេះមានការអភិវឌ្ឍរីកចំរើនគួរកត់សម្គាល់ ហើយរាជធានីភ្នំពេញនៅតែរក្សាបាននូវអត្ត សញ្ញាណទីក្រុងប្រវត្តិសាស្រ្តរបស់ខ្លួន ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងជា មជ្ឈ មណ្ឌលប្រមូលផ្តុំលើគ្រប់វិស័យ រួមមាន វិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ ទេសចរណ៍ និងការទូត រហូតត្រូវបានទទួលងារថា ជាទីក្រុងគុជនៅអាស៊ី។
«ប្រសិនបើយើងក្រឡេកមើលអតីតកាលគិតចាប់ពីឆ្នាំ១៩៧៩រហូតមកដល់ពេលបច្ចុប្បនេះក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ការគ្រប់គ្រងទីក្រុងភ្នំពេញ មានការអភិវឌ្ឍចំនួន៥ដំណាក់កាលធំៗគឺពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩៣ :ការគ្រប់គ្រងទីក្រុងភ្នំពេញដើរតួនាទីអនុវត្តដើម្បីមូលហេតុសន្តិភាពទទួលយកការធ្វើមាតុភូមិនិវត្តន៍និងប្រឆាំងការវិលត្រឡប់នូវរបបប្រល័យពីជសាសន៍។
_ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០០ ការគ្រប់គ្រងទីក្រុងភ្នំពេញដើរតួនាទីអនុវត្តដើម្បីមូលហេតុរក្សាស្ថិរភាពនយោបាយ និងស្ដារហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុងឡើងវិញ។
_ពីឆ្នាំ២០០០ដល់ឆ្នាំ២០០៨ ការគ្រប់គ្រងទីក្រុងភ្នំពេញ ដើរតួនាទីអនុវត្តដើម្បី បុព្វហេតុសន្តិសុខផ្ទៃក្នុង បន្តស្ដារនិងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុង។
_ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៣ ការគ្រប់គ្រងរាជធានីភ្នំពេញ ដើរតួនាទីអនុវត្តដើម្បី បុព្វហេតុពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បន្តស្ដារ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុងនិងអភិវឌ្ឍន៍សហគមន៍ក្រីក្រ។
_ពីឆ្នាំ២០១៣រហូតដល់សព្វថ្ងៃ ការគ្រប់គ្រងរាជធានីភ្នំពេញ ដើរតួនាទីអនុវត្តដើម្បី បុព្វហេតុកំណែទម្រង់ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងជាអនាគតទីក្រុងវៃឆ្លាត។»
ឯកឧត្តមព្យែរ ប៊ែយ៉េ លេខាធិការអចិន្ត្រៃយ៍នៃសមាគមនអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ ភាសាបារំាងបានឲ្យដឹងថា ស្មារតីនៃភាពចង់ចំា និងការកសាងភាពធន់របស់ទីក្រុងរបស់រាជ ធានីភ្នំពេញពិតជាមានន័យណាស់ ហើយជាបទពិសោធន៍ដ៏ល្អសម្រាប់បណ្តាទីក្រុងដ៏ទៃទៀតជាសមាជិក។ ឯកឧត្តមបានបន្តថា រាជធានីភ្នំពេញបានខូចខាតទំាងស្រុងប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកសន្តិភាព បានស្ថាបនាទីក្រុងនេះឲ្យមានការអភិវឌ្ឍយ៉ាង ស្រស់ល្អឆើតឆាយរស់រវើក គួរអោយកត់សម្គាល់។
សូមបញ្ជាក់ថា នៅក្នុងសន្និសីទស្តីពីទីក្រុងដែលមានភាពធន់ ការគិតគូរអំពីបញ្ហាប្រឈមនិងការស្ថាបនាទីក្រុងឡើង វិញនៃមហាសន្និបាតលើកទី៣៩ របស់សមសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំងក្រុមគណៈប្រតិភូទំាងអស់ក៏បានពិភាក្សាដេញដោលគ្នា លើបញ្ហាជាច្រើន ដើម្បីចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍទីក្រុងរបស់ខ្លួនឲ្យធានាបាននិរន្តរភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ៕