ជប៉ុននឹងទិញកោះមួយតម្លៃ ១៤៦ លានដុល្លារទុកឲ្យអាមេរិកធ្វើសមយុទ្ធយោធា

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖

 ប្រទេសជប៉ុនបានសម្រេចទិញទិញកោះមួយស្ថិតនៅភាគនិរតីប្រទេសក្នុងតម្លៃ ១៤៦លានដុល្លារអាមេរិកដើម្បីងាយស្រួលឲ្យយោធាអាមេរិកធ្វើសមយុទ្ធនានា។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ចេញផ្សាយកាលពីយប់ថ្ងៃចន្ទទី ០២ ខែធ្នូ ឆ្នាំ ២០១៩។

ទីក្រុងតូក្យូនិងទីក្រុងវ៉ាស៊ីនតោនបានឯកភាពគ្នាផ្លាស់ប្តូរទីតាំងសម្រាប់ កងយន្តហោះចម្បាំងអាមេរិកទៅកាន់កោះ ម៉ាគែស៊ីម៉ា (Mageshima) ដែលមានចម្ងាយ ៣០គីឡូម៉ែត្រពីតំបន់ឆ្នេរភាគនិរតីនៃប្រទេសជប៉ុនវិញកាលពីកំឡុងឆ្នាំ២០១១។ប៉ុន្តែគម្រោងការនេះបានអូសបន្លាយពេលជាច្រើនឆ្នាំដោយបញ្ហាការរិះគន់ និងការចរចាតម្លៃ។យោងតាមប្រភពពីអគ្គលេខាធិការ នៃគណៈរដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) បានឲ្យដឹងថា  កិច្ចព្រមព្រៀងទិញកោះ Mageshima ត្រូវបានសម្រេចហើយរវាងរដ្ឋាភិបាលជប៉ុន និងក្រុមអ្នកអភិវឌ្ឍនៅលើកោះនោះ។

សូមរម្លឹងផងដែរថា បច្ចុប្បន្នការធ្វើសមយុទ្ធនៃកងទ័ពអាកាសអាមេរិក តែងតែត្រូវបានធ្វើឡើងនៅលើកោះ អ៊ីវ៉ូ ជីម៉ា (Iwo Jima) ដែលមានចម្ងាយរហូតដល់ទៅ ១,២០០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងតូក្យូដែលឆ្ងាយពីមូលដ្ឋានទ័ពនៅទីក្រុង អ៊ីវ៉ាគូនី (Iwakuni) ដែលស្ថិតនៅភាគខាងលិចជប៉ុន។

ប្រភព៖ សារព័ត៌មាន Channel News Asia