កីឡាចំនួន ៨ ប្រភេទ បានរងផលប៉ះពាល់នៅពេលព្យុះ Kammuri បានបោកបក់ លើប្រទេសហ្វីលីពីនដែលកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣០

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី ៣០នៅប្រទេសហ្វីលីពីនបានប្រកាសថា យ៉ាងហោចណាស់មានកីឡាចំនួន ៨ ប្រភេទបានរងផលប៉ះពាល់នៅពេលមានព្យុះ (កាមមួរិ ) Kammuri បោកបក់មកលើប្រទេសហ្វីលីពីនដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃចន្ទ ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩។

កីឡាដែលរងផលប៉ះពាល់មានដូចជា កីឡាបាល់ទះលើឆ្នេរខ្សាច់ ទ្រីយ៉ាត្លុង ជិះទូក កាយ៉ាក់ និង ការប្រណាំងទូកប្រពៃណីជាដើម។  អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងទូកនិងជិះទូកកម្សាន្តទាំងអស់ដែលគ្រោងនឹងប្រព្រឹត្តនៅចន្លោះពីថ្ងៃទី០២ដល់ថ្ងៃទី០៤ ខែធ្នូត្រូវបានលុបចោលដោយត្រូវចាប់ផ្តើមធ្វើនៅថ្ងៃអង្គារទី៣ខែធ្នូ ឆ្នាំ២០១៩វិញ។  សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗប្រទេសហ្វីលីពីនតែងរងការវាយប្រហារ ដោយខ្យល់ព្យុះយ៉ាងតិច ២០ដង និងបានផ្តាច់យកជីវិតមនុស្សជាច្រើន។ សម្រាប់ប្រវត្តិសាស្រ្តហ្វីលីពីន គឺកំពូលព្យុះទីហ្វុងឈ្មោះ ហៃយ៉ាន (Haiyan) ជាព្យុះដែលសាហាវជាងគេបង្អស់ដែលបានធ្វើឲ្យមនុស្សស្លាប់ និងបាត់ខ្លួនសរុបជាង ៧,៣០០នាក់កាលពីឆ្នាំ២០១៣៕

ប្រភព៖ សារព័ត៌មាន Channel News Asia