ជនពិការជាង៦៥០០នាក់ទទួលបានឱកាសការងារទំាងក្នុងវិស័យរដ្ឋនិងឯកជន

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា

ភ្នំពេញ៖ ជនពិការជាង៦៥០០នាក់ទទួលបានឱកាសការងារត្រឹមត្រូវសមរម្យទំាងក្នុងវិស័យរដ្ឋនិងឯកជនដោយ បានជួយសម្រាលជីវភាពបានយ៉ាងល្អ​ប្រសើរជូនដល់បងប្អូនជនពិការ។

រាជរដ្ឋាភិបាលបានឱ្យដឹងថា មកដល់ឆ្នាំ២០១៩នេះ ជនមានពិការភាព ត្រូវបានផ្តល់អាទិភាពក្នុងការជ្រើស រើសអោយចូលបំរើការងារសរុបចំនួន ២៨៦០នាក់ ស្រ្តីមានពិការភាពចំនួន៧៨៩នាក់ ក្នុងនោះមានពិការ កម្រិតធ្ងន់ចំនួន ១៥៥៧ នាក់ ដែលក្នុងម្នាក់គិតស្មើរចំនួន២នាក់ ដែលសរុបទំាងអស់ចំនួនជាង ៤៤០០នាក់ ស្មើរនឹង ១,៩៥ភាគរយ។

ដោយឡែកវិស័យឯកជនវិញមានចំនួន១០២អង្គភាពដែលបានចុះបញ្ជី ត្រូវបានជ្រើសរើសនិយោជិក ពិការភាពសរុបចំនួន៣៧៩២នាក់ស្មើរនឹង២,៩៤ភាគរយ ក្នុងនោះមានស្រ្តីពិការភាពចំនួន ២១៦២នាក់។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងសារលិខិតដល់ជនរួមជាតិទំាងអស់ ក្នុងពិធីអបអរសាទទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ការផ្តល់អាទិភាពអោយជនមានពិការភាពឱកាសបានចូលបំរើការងារទំាងស្ថាប័នរដ្ឋ និងឯកជននេះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាពប្រកបដោយឯករាជ្យ មានសិទ្ធិសេរីភាពស្មើគា្ន និងសេចក្តីថ្លៃថ្នូរ។

សារលិខរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមថា ដើម្បីអោយជនពិការកាន់តែមានសមត្ថភាពងាយស្រួលក្នុងការស្វែងរកឱកាសការល្អៗ រាជរដ្ឋាភិបាលបានជំរុញការបណ្តុះ បណ្តាលជនពិការឲ្យកាន់តែមានចំណេះដឹងខ្ពង់ខ្ពស់ តាមរយៈបង្កើតសាលារៀនសម្រាប់ជន ពិការតំាងពិថ្នាក់បឋមរហូតដល់វិទ្យាល័យ ឧត្តមសិក្សា និងបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ជនពិការដែល សមសម្របទៅនឹងស្ថានភាពទីផ្សារការងារ។
រាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់បងប្អូនពិការភាពទាំងអស់បន្តពង្រឹងសេចក្តីក្លាហាន មានសេចក្តីសង្ឃឹម និងមានជំនឿជឿជាក់លើខ្លួនឯងប្រើបា្រស់សម្បទាដែលមាន ពុះពារជំនះរាល់ការលំបាក ដើម្បីកសាងជីវភាពរស់នៅដោយឯករាជ្យ ម្ចាស់ការ រួមចំណែកក្នុងការអភិវឌ្ឍជាតិ៕