កម្ពុជាចាប់ផ្តើមស្រូបយកវិស័យបច្ចេកវិទ្យាឌីជីថលក្នុងការស្វែងរកឱកាសការងារថ្មីៗ របស់ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមស្រូបយកវិស័យបច្ចេកវិទ្យាឌីជីថលក្នុងការស្វែងរកឱកាសការងារថ្មីៗសម្រាប់ប្រជាពលរដ្ឋ ក្នុងការស្វែងរកការងារនៅ ក្នុងសង្គម។
ថ្លែងក្នុងសនិ្នសីទអាស៊ីប៉ាស៊ីហ្វិករបស់សមាគមផ្តល់សេវាការងារសាធារណៈពិភពលោក ក្រោមប្រធានបទ ឌីជីថលនីយកម្មក្នុងសេវាការងារសាធារណៈ (Digitalization in Public Employment Services) ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជិវៈបានឲ្យដឹងថា ការផ្តល់សេវាការងារតាមប្រព័ន្ធឌីជីថល គឺជាករណីសិក្សានៃការចាប់ផ្តើមស្រូបយកបច្ចេកវិទ្យាឌីជីថល ក្នុងការផ្តល់សេវាការងាររបស់រដ្ឋជាសមាជិកថ្មីដូចជាកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា កម្ពុជាប្តេជ្ញាបន្តចូលរួមផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រតាមលទ្ធភាពដល់រាល់សកម្មភាពរបស់សមាគមផ្តល់សេវាការងារសាធារណៈពិភពលោក (WAPES)នេះ ស្របពេលដែលកម្ពុជាទើបតែបានបង្កើតសេវាការងារសាធារណៈ ក្នុងឆ្នាំ២០០៩ កន្លងទៅ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាល បាននឹងកំពុងបន្តខិតខំអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងលឿន នៃរចនាសម្ព័ន្ធប្រជាសាស្រ្ត សេដ្ឋកិច្ចនិងទីផ្សារការងារ ។
គួរបញ្ជាក់់ថា ក្នុងសន្និសីទថា្នក់តំបន់នេះ គឺមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ពីអ្នកឯកទេសផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៃសេវាការងារសាធារណៈ អ្នកស្រាវជ្រាវអ្នករៀបចំគោលនយោបាយ និងមន្រ្តីផ្នែកផ្តល់សេវាការងារសាធារណៈដែលអញ្ជើញមកពីបណ្តាលប្រទេសជាសមាជិកចំនួន ១២ នៅទូទាំងពិភពលោក៕