ខេត្តប៉ៃលិន ប្រារព្ធមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ កំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២-ធ្នូ

វិទ្យុជាតិកម្ពុជា៖  មន្ទីរព័ត៌មានខេត្តប៉ៃលិន ដោយ លោក មួន ចរិយា

 

ប៉ៃលិន៖ ថៃ្ងទី០២ ខែធ្នូ ឆ្នាំ២០១៩ ខេត្តប៉ៃលិន បានប្រារព្ធមេទ្ទីងអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៨៧៨.២ ធ្នូ ២០១៩ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល  ប្រធានគណៈកម្មការធិការបក្សខេត្ត និងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ ខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិករណសិរ្សខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ សាសនិកឥស្លាម និងប្រជាពលរដ្ឋប្រមាណជាង ៦០០នាក់ផងដែរ។

 

  ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ ថ្ងៃ២ធ្នូ គឺជាថ្ងៃប្រវត្តិសាស្រ្ត ដែលបានចារឹកជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូប មានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករាទើបមានអ្វីៗដូចថ្ងៃនេះ ហើយថ្ងៃ ២ឆ្នូ ជាថ្ងៃបង្កើតកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដី និង រំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត ដូច្នេះយើងទាំងអស់គ្នា ត្រូវចាត់ទុកថ្ងៃ២ឆ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការ រស់រានមានជីវិតឡើងវិញ របស់មាតុភូមិ និងប្រជាជនកម្ពុជា ហើយរណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងគ្នាអោយរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ រណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និង អភិវឌ្ឍន៍ មាតុភូមិអោយមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេសកម្ពុជា។

 

ឯកឧត្តមប្រធានបានមានប្រសាសន៍បន្តថា៖ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ ធ្នូ ១៩៧៨ បច្ចុប្បន្នត្រូវបានដូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជាបានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះក្នុង ភូមិជើងក្លូ ឃុំ២ធ្នូ ខេត្តក្រចេះ ដើម្បីរួមជាមួយប្រជាជនផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរហូតទទួលជ័យជំនះនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ទទួលបានមកវិញនូវសិទ្ធិសេរីភាព និងមានឱកាសស្តារឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធ របស់មាតុភូមិកម្ពុជា។ ប្រជាជនកម្ពុជាសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និង ជ័យជំនះថ្ងៃ៧មករានោះទេ យើងក៍គ្មានអ្វីៗដូចថ្ងៃនេះដែរនេះគឺជាសច្ចៈធម៌នៃប្រវត្តិសាស្ត្រ។ នៅ ក្នុង ឱកាស នោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ បញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ បានបង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ ធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានសណ្តាប់ធ្នាប់ក្នុងសង្គមបានល្អប្រសើរ ធ្វើអោយមានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរអោយមោទនៈ ហើយភាពអំណោយផលខាងនយោបាយនេះបានរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទ្រទ្រង់ដល់ការរីកចំរើនលើគ្រប់វិស័យ។ទន្ទឹមនេះដែរ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លុបបំបាត់នូវស្នាមបែកបាក់នៅក្នុងសង្គមជាតិធ្វើ អោយធ្លុងមហាសាមគ្គីជាតិកាន់តែរឹងម៉ាំឡើង ដើម្បីរួមគ្នាដឹកនាំនិងកសាងប្រទេសអោយបាន រីកចំរើនថែមទៀត។

 

សូមបញ្ជាក់ថា៖ ដើម្បីជាសក្ខីភាពនៃការដឹង គុណចំពោះបុព្វការីជន និងរណសិសរ្សអភវឌ្ឍន៍ មាតុភូមិកម្ពុជា អង្គមិទ្ទិញទាំងមូលបានប្តេជ្ញាលើកកំពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីភាពផ្ទៃក្នុង ប្រកាន់ភ្ជាប់ប្រពៃណីស្នេហាជាតិផ្សារភ្ជាប់ជាមួយប្រជាជន បំរើប្រជាជន អោយអស់កំលាំងកាយចិត្តដើម្បីអនុវត្តន៍អោយបានជោគជ័យនូវទិសដៅរបស់ថ្នាក់លើ ក្នុងការរួមចំណែកកាត់បន្ថយភាព ក្រីក្ររបស់ប្រជាជនយើង៕