AKP កំពង់ចាម ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ — លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានឱ្យ ទីភ្នាក់ សារព័តមានកម្ពុជា “AKP” ដឹងនៅព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ថា មន្ទីរធនធានទឹក និងឧតុនិមយ ខេត្តកំពង់ចាម ត្រូវធ្វើការតាមដានអំពីការងាបង្កបង្កើនផលរបស់ប្រជាកសិករទាំងស្រូវវស្សាចុងរដូវ និងស្រូវ រដូវប្រាំងអំពីបញ្ហាខ្វះខាតទឹកនោះ ត្រូវចុះជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋជាបន្ទាន់។
លោកបន្តថា កាលពីថ្ងៃអាទិត្យទី០១ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងអាជ្ញាធរស្រុកបាធាយបានបញ្ចុះម៉ាស៊ីនបូមទឹកមានកម្លាំង២៥សេស ចំនួន៤ គ្រឿងចុះអន្តរាគមន៍បូបទឹកសង្គ្រោះដំណាំស្រូវរដូវប្រាំងរបស់ប្រជាកសិករប្រមាណ ៣៨៥ហិកតា នៅក្នុងភូមិតាំងរលៀងក្នុង ឃុំមេព្រីង របស់ស្រុកបាធាយ ខេត្តកំពង់ចាម ដែលកំពុងចេញផ្លែផ្កា ហើយជួបបញ្ហាខ្វះទឹក។
លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា នៅក្នុងឱកាសនោះលោក ក៏បានអំពាវនាវនិង ណែនាំដល់អាជ្ញាធរជួយតាមដានពិនិត្យអំពីបញ្ហាទឹកតាមលទ្ធភាពជាក់ស្តែង អំពីតម្រូវការក្នុង ការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ និងបានសំណូមពរព្រមទាំងធ្វើការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋយើងអំពីស្ថានភាព នៃអាកាសធាតុរបស់ប្រទេសយើងនឹងទទួល នូវសម្ពាធ El Nino ធ្វើឱ្យយើងជួបភាពរាំងស្ងួតក្នុងរយៈពេលវែង របាយទឹកភ្លៀងធ្លាក់បាន អូសបន្លាយធ្វើឱ្យប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ ក៏ដូចការងារកសិកម្ម ដូចនេះប្រជា កសិករត្រូវចេះប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ និងចូលរួមថែរក្សាការពារទឹកទុកទើប យើងដោះស្រាយនូវហានិភ័យនៃកង្វះខាតទឹក។
លោក អ៊ុម វិបុល បានឱ្យដឹងថា ក្នុងខេត្តកំពង់ចាមមានប្រព័ន្ធធារាសាស្ត្រសរុបចំនួន ២៦២កន្លែង បានជួសជុលឡើងវិញចំនួន៨៥កន្លែង និងស្តារប្រឡាយប្រវែងសរុបចំនួន៣៩៧,៨២គីឡូម៉ែត្រ សម្រាប់អន្តរាគមន៍ជួយសង្រោះស្រូវរដូវប្រាំង និងស្រូវវស្សានៅពេល ជួបបញ្ហាខ្វះទឹក។ នៅចុងរដូវវស្សាយើងបានធ្វើអន្តរាគមន៍បូបទឹកសង្គ្រោះស្រូវវស្សា បានចំនួនជាង១២០០០ហិកតាក្នុងស្រុកពីរគឺស្រុកស្រីសន្ធរ និងស្រុកព្រៃឈរ៕
ដោយ ឆាយ ម៉ុត