សហរដ្ឋអាមេរិកបង្ហោះយន្តហោះស៊ើបការណ៍ពីលើប្រទសកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩​ — កាលពីថ្ងៃអាទិត្យ អ្នកតាមដានដែនអាកាសចរណ៍ម្នាក់បាននិយាយថា យន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិកមួយបានហោះពីលើឧបទ្វីបកូរ៉េកាលពីចុងសប្តាហ៍ ដោយនៅក្នុងសញ្ញាជាក់ស្តែងមួយនៃការឃ្លាំមើលកូរ៉េខាងជើងបន្ទាប់ពីការបាញ់សាកល្បងគ្រាប់រ៉ុក្កែតកាលពីពេលថ្មីៗកន្លងទៅនេះ។

យន្តហោះធុន U-2S របស់កងទ័ពអាកាសសហរដ្ឋអាមេរិកត្រូវបានគេប្រទះឃើញហោះហើរនៅកម្ពស់ប្រហែល ១៥.២៤០ម៉ែត្រពីលើតំបន់ទីប្រជុំជនទីក្រុងសេអ៊ូល ភាគខាងជើងខេត្ត Gangwon និងខេត្ត Chungcheong ភាគកណ្តាល កាលពីថ្ងៃសៅរ៍កន្លងទៅ។

យន្ដហោះដែលមានឈ្មោះហៅក្រៅថា Dragon Lady ត្រូវបានគេដឹងថា បានបំពេញបេសកកម្មឃ្លាំមើលលើតំបន់ជុំវិញព្រំដែនអន្តរកូរ៉េ ដែលមានកម្លាំងខ្លាំងក្នុងគោលបំណងតាមដានសកម្មភាពយោធាជួរមុខរបស់កូរ៉េខាងជើង។

នៅមុនការបាញ់សាកល្បងរបស់កូរ៉េខាងជើងទៅលើអ្វីដែលហៅថា ការបាញ់រ៉ុក្កែតចម្រុះដ៏ធំមួយកាលពីថ្ងៃព្រហស្បតិ៍ យោធាសហរដ្ឋអាមេរិកបានដំណើរការយន្តហោះស៊ើបការណ៍ជាច្រើននៅលើឧបទ្វីបនេះ។

ការខិតខំប្រឹងប្រែងឃ្លាំមើលសហរដ្ឋអាមេរិកនេះ បានកើតឡើងនៅពេលទីក្រុងព្យុងយ៉ាងកំពុងបង្កើនភាពតានតឹងតាមរយៈសមយុទ្ធកាំភ្លើងធំនៅតាមឆ្នេរសមុទ្រ និងសកម្មភាពយោធាដទៃទៀតនៅមុនកាលបរិច្ឆេទកំណត់ចុងឆ្នាំដែលខ្លួនបានកំណត់សម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបង្ហាញភាពបត់បែនក្នុងកិច្ចចរចាអាវុធនុយក្លេអ៊ែរ។

កិច្ចចរចាអាវុធនុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បានផ្តល់នូវវឌ្ឍនភាពតិចតួចដោយសារភាគីទាំងពីរនៅតែឃ្លាតឆ្ងាយពីវិសាលភាពនៃជំហាននុយក្លេអ៊ែររបស់កូរ៉េខាងជើង និងអ្វីដែលគួរផ្តល់ជាថ្នូរ។

ភាគីទាំងពីរបានធ្វើកិច្ចចរចាកម្រិតការងារនៅប្រទេសស៊ុយអែតកាលពីខែតុលាកន្លងទៅ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)