អង្គភាពអ្នកសារព័ត៌មានវៀតណាម និងថៃបង្កើនកិច្ចសហប្រតិបត្តិការ

AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩​ — គណៈប្រតិភូនៃសមាគមអ្នកសារព័ត៌មានវៀតណាម (VJA) បានបំពេញទស្សនកិច្ចការងារនៅប្រទេសថៃចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៩។

នៅក្នុងពិធីទទួលស្វាគមន៍គណៈប្រតិភូវៀតណាម ឧបនាយករដ្ឋមន្រ្តីថៃ និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក Jurin Laksanawisit បានអះអាងថា ប្រទេសរបស់លោកនឹងគាំទ្រដល់ប្រទេសវៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងឆ្នាំ ២០២០ ដោយលោកបានបង្ហាញនូវកាជឿជាក់ថា ប្រទេសនេះនឹងធ្វើជាប្រធានអាស៊ានប្រកបដោយជោគជ័យនៅក្នុងឆ្នាំក្រោយនេះ។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធអ្នកសារព័ត៌មានថៃ ( CTJ ) និង VJA ក្នុងពេលកន្លងមក។

នៅក្នុងកិច្ចពិភាក្សាជាមួយគណៈប្រតិភូ VJA ប្រធាន CTJ លោក Mongkol Bangprapa ដែលជាប្រធានសហព័ន្ធអ្នកសារព័ត៌មានអាស៊ានផងនោះ បានលើកឡើងអំពីសកម្មភាពដ៏មានប្រសិទ្ធិភាពរបស់ VJA ជាពិសេស នៅពេលដែលសមាគមនេះស្ថិតក្នុងឋានៈជាប្រធានសហព័ន្ធអ្នកសារព័ត៌មានអាស៊ានចន្លោះឆ្នាំ ២០១៥ និងឆ្នាំ ២០១៨ កន្លងមក ដោយលោកបាននិយាយថា វាបានចូលរួមចំណែកយ៉ាងច្រើនដល់ទំនាក់ទំនងរវាងវៀតណាម និងថៃ ក៏ដូចជាទំនាក់ទំនងរវាងវៀតណាម និងអាស៊ានផងដែរ។

លោកបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាង CTJ និង VJA បានបន្តពង្រឹងជាបន្តបន្ទាប់ក្នុង រយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។ ពួកគេបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាញឹកញាប់ និងសម្របសម្រួលបានយ៉ាងល្អក្នុងបញ្ហាពាក់ព័ន្ធនានា។

សម្រាប់ភាគី VJA លោក Thuan Huu ជាប្រធាន VJA និងជាអនុប្រធានគណៈកម្មការសារព័ត៌មាន និងអប់រំរបស់គណៈកម្មាធិការមជ្ឈិមបក្សបាននិយាយថា អង្គភាពទាំងពីរតែងតែសហការគ្នាយ៉ាងជិតស្និទ្ធក្នុងបញ្ហាទ្វេភាគី និងអាស៊ាន ដែលអាចជួយបង្កើនការយោគយល់គ្នាទៅវិញទៅមក ការផ្លាស់ប្តូររវាងទីភ្នាក់ងារសារព័ត៌មាន និងប្រជាជនរបស់ប្រទេសទាំងពីរ។

លោក Huu បានអញ្ជើញថ្នាក់ដឹកនាំ និងសមាជិក CTJ ចូលរួមពិធីប្រគល់រង្វាន់នៃការប្រលងសរសេរ ស្តីពីកសិកម្ម កសិករ និងតំបន់ជនបទ សម្រាប់អ្នកសារព័ត៌មានអាស៊ានដែលនឹងត្រូវរៀបចំឡើងនៅប្រទេសវៀតណាមនៅដើមឆ្នាំ ២០២០។ លោកក៏បានអញ្ជើញសារព័ត៌មានថៃឱ្យរាយការណ៍អំពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅប្រទេសវៀតណាមនាឆ្នាំក្រោយផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)