Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ក្រសួងធនធានទឹកអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុចុះត្រជាក់រហូតដល់ ១៦អង្សាសេ

Published

on

វិទ្យុជាតិកម្ពុជា៖ ស្រីផល ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៩៖

ក្រសួងធនធានទឹកអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុចុះត្រជាក់រហូតដល់១៦អង្សាសេ ដើម្បីការពារកុំអោយកើតជម្ងឺផ្សេងដែលបណ្តាលមកពីអាកាសធាតុត្រជាក់។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា អាកាសធាតុចុះត្រជាក់ រហូតដល់១៦អង្សាសេនេះ នឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី៩ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដោយសារឥទ្ធិពល នៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឦសានខ្លាំង បាននិងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់ មកលើកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពអាកាសធាតុបែបនេះ នឹងកើតឡើងនៅខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរីមានសីតុណ្ហភាពអប្បបរមា មានពី ១៦ដល់១៨អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៥ដល់២៧អង្សាសេ។
ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និងខេត្តកោះកុង មានសីតុណ្ហភាពអប្បបរមាមានពី ១៨ដល់២០អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៦ដល់២៨អង្សាសេ។ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀងមានសីតុណ្ហភាពអប្បបរមាមានពី ២១ដល់២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៦ដល់២៨អង្សាសេ។
ចំណែកនៅ ខេត្តតាកែវ កែប កំពត និងខេត្តព្រះសីហនុសីតុណ្ហភាពអប្បបរមាមានពី ២២ដល់២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៧ដល់២៩អង្សាសេ ។
ផ្អែកតាមស្ថានភាពធាតុអាកាសនេះ ក្រសួងធនធានទឹក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសវីរៈកងទ័ពដែលឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សូមមេត្តាប្រុងប្រយ័ត្ន បង្ការ និងថែរក្សាសុខភាពពីធាតុអាកាសចុះត្រជាក់នេះ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលវិញបានឲ្យដឹងថា ក្នុងស្ថានភាពអាកាសធាតុចុះត្រជាក់នេះ ភាគច្រើនប្រជាពលរដ្ឋនឹងជួបប្រទះជំងឺផ្តាសាយ អាល់លហ្ស៊ីនិងជំងឺផ្លូវដង្ហើមផ្នែកខាងលើបណ្តាលមកពីវីរុសនិងមេរោគស្រ្តិតូកូក ដែលបង្កឱ្យមានរោគសញ្ញាដូចជា គ្រុនផ្តាសាយហៀរសំបោរ រលាកបំពង់កឬច្រមុះ ក្អក និង រលាកក្រពះពោះវៀនដោយពពួកវីរុស ជំងឺហឺត ជំងឺភ្នែកក្រហមរមាស់ស្បែក ជំងឺថប់អារម្មណ៍ឬស្លេស និងជំងឺគាំងបេះដូងជាដើម ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ ត្រូវស្លៀកពាក់ខោអាវក្រាស់ៗ រុំកនឹងកន្លែង ពាក់មួក និងស្រោមដៃរងារ ដើម្បីការពារកុំឱ្យធាតុត្រជាក់ប៉ះខ្លួនប្រាណដោយចំហរជាង៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន