មនុស្ស ១០ នាក់រងរបួសក្នុងការបាញ់ប្រហារនៅតំបន់ទេសចរណ៍ញូវអរលែន

អាមេរិក៖ ប៉ូលីសអាមេរិកបាននិយាយថាមានមនុស្ស ១០ នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារមួយកាលពីព្រឹកថ្ងៃអាទិត្យនៅតំបន់ ញូវអរលែនដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនៅសហរដ្ឋអាមេរិកហើយជនរងគ្រោះពីរនាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ការបាញ់ប្រហារនេះបានកើតឡើងនៅតាមដងវិថីពាណិជ្ជកម្មដែលមានមនុស្សកុះករនៅជិតសណ្ឋាគារជាច្រើនក្នុងសង្កាត់ប្រវត្តិសាស្រ្តដែលទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក។

ប៉ូលីសអាមេរិក បានរាយការណ៍ថា  មិនទាន់មានការចាប់ខ្លួនណាមួយនៅឡើយទេហើយមូលហេតុនៅពីក្រោយការបាញ់ប្រហារនេះក៏នៅតែមិនទាន់ច្បាស់ដែរ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០២.១២.១៩)