ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ាហុងកុង ដែលដើរក្បួន ថ្លែងអំណរគុណដល់អាមេរិក

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ាហុងកុងរាប់ពាន់នាក់ កាលពីថ្ងៃអាទិត្យដោយហ្វូងបាតុករដើរក្បួនទៅកាន់ស្ថានកុងស៊ុលអាមេរិក ដើម្បីសម្ដែងការដឹងអរគុណដល់ លោក ដូណាល់ ត្រាំប្រធានាធិបតីអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃអាទិត្យទី ០១ ខែធ្នូ ឆ្នាំ ២០១៩។

ហ្វូងបាតុកររាប់ពាន់នាក់ បាននាំគ្នាដើរជាក្បូនសំដៅទៅកាន់ស្ថានកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហុងកុងដើម្បីសម្ដែងអំណរគុណដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចុះហត្ថលេខាលើសេក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធមនុស្សហុងកុងកាលពីសប្តាហ៍មុន។
បើយោងតាមប្រភពពីប៉ូលីសហុងកុងក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ក្រុមបាតុករមួយចំនួនបាននាំគ្នាគ្រវីទង់ជាតិអាមេរិក និងលើកផ្ទាំងបដាដែលសរសេអរណគុណ លោក ប្រធានាធិបតី ត្រាំ ហើយក្រុមបាតុកររាប់រយនាក់បានគប់គ្រាប់បែកផ្សែងបង្កការភ័យខ្លាចជាសាធារណៈនិងបង្កភាពវឹកវរ។នៅចំពោះមុខស្ថានការណ៍ មន្ត្រីប៉ូលីសគ្មានជំរើសផ្សេង ក្រៅពីបានដាក់ពង្រាយកម្លាំងចាំបាច់រួមទាំងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះនោះទេ។
សូមរម្លឹកថា កាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខា ដើម្បីឱ្យសេចក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទីក្រុងហុងកុង ក្លាយទៅជាច្បាប់ពេញលេញ ដោយមានទំនោគំាទ្របាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យដែលកំពុងតវ៉ានៅហុងកុង និងពិនិត្យមើលក្នុងមួយឆ្នាំម្ដង ថាតើទីក្រុងហុងកុង ស័ក្តិសមនឹងទទួលបានការអនុគ្រោះពាណិជ្ជកម្មពិសេស ពីសហរដ្ឋអាមេរិក ដែរឬទេ៕
ប្រភព៖ សារព័ត៌មាន Channel News Asia