ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទ ពន្លឿនផែនការផ្តល់បង្គន់អនាម័យ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿនស្ទឹងត្រែង ០២ ១១ ២០១៩
M.Cថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពន្លឿនផែនការផ្តល់បង្គន់អនាម័យនិងប្រព័ន្ធទឹកស្អាតជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានឆ្លើយតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥ ដើម្បីប្រជាពលរដ្ឋមានខភាពល្អគ្រប់ក្រុមគ្រួសារ។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម៖
ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តនៅស្រុកសេសានឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង មានប្រសាសន៍ថា៖បច្ចុប្បន្នប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួនមិនទាន់មានបង្គន់អនាម័យប្រើប្រាស់ទេ ហើយនាំគ្នាទៅបន្ទោ បង់ ផ្តេស ផ្តាស តាមព្រៃពាសវាលពាសកាល បង្កបញ្ហាប្រឈមទៅនិងការរស់នៅជាពិសេសនៅរដូវវស្សា។ឯកឧត្តមមានប្រសាសន៍បន្តថា៖ដើម្បីដោះស្រាយបញ្ហានេះមន្ត្រីមន្ទីរអភិវឌ្ឍជនបទរួមនិងអាជ្ញាធរមូលដ្ឋានត្រូវស្រង់ទិន្ន័យជាក់លាក់ហើយរៀបចំផែនការនិងផ្តល់សេវានេះឱ្យបានឆ្លើយតបទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបានឆ្នាំ២០២៥ឱ្យមានបង្គន់អនាម័យប្រើប្រាសគ្រប់គ្នា។
លោកនូ សាវ៉ាត មេភូមិបានមួង បានគាំទ្រចំពោះការដាស់តឿននេះព្រោះនៅភូមិបានមួងស្រុកសេសាន ប្រជាពលរដ្ឋប្រមាណតែជាង៤០%តែប៉ុណ្ណោះដែលមានបង្គន់អនាម័យប្រើប្រាស់ និងជាង៥០%ទៀតពួកគាត់មិនមានលទ្ធភាពទិញសម្ភារៈមកសាងសង់ខ្លួនឯងបានទេ។
លោកសយគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានបញ្ជាក់ថា៖បញ្ហាបង្គន់អនាម័យនេះសុំឱ្យមេភូមិ មេឃុំស្រង់បញ្ជីឈ្មោះគ្រួសារប្រជាពលរដ្ឋដែលចង់បានដាក់មកមន្ទីរអភិវឌ្ឍន៍ជនបទដើម្បីធ្វើការពិនិត្យលទ្ធភាពផ្តល់ជូនបានឆាប់។ លោកអះអាងថា៖សម្ភារៈ បង្គន់នេះមន្ទីរនិងផ្តល់ជូនមានដូចជា ចានផែន ទុយោ តូចធំ និងតៅបង្គន់តែប៉ុណ្ណោះ ចំណែកការសាងសង់ត្រូវរៀបចំឡើងដោយខ្លួនឯង។
(សម្លេង)អញ្ចឹងកន្លងមកមន្ទីរផ្តល់ជូនតែគ្រួសារខ្លះទុកសម្ភារៈនិងនៅលើគោកមិនព្រមអនុវត្តទេ អញ្ចឹងសប្បាយរីករាយដែលស្នើសុំ ហើយបញ្ជាក់ឱ្យច្បាស់ថាទទួលយកហើយត្រូវតែធ្វើព្រោះអានេះក៍ដើម្បីសម្រេចគោលដៅដែរដែលក្រសួងក៍ដូចជារាជរដ្ឋាភិបាលបានកំណត់ថាឆ្នាំ២០២៥ការងារទឹកស្អាតនិងលើកកម្ពស់អនាម័យជនបទទូទាំងប្រទេសឱ្យបាន១០០%។
លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានទទួលយកផែនការនេះ ហើយលោកនិងជំរុញបន្ថែមឱ្យមេភូមិ មេឃុំ ស្រង់ស្ថិតិធ្វើបញ្ជីបច្ចុប្បន្នភាពថ្មីឱ្យច្បាស់លាស់ ព្រោះនៅតាមភូមិឃុំមួយចំនួន មានបងប្អូនប្រជាពលរដ្ឋខ្លះ ទើបតែចំណាកស្រុកមករស់នៅ ហើយគ្រួសារខ្លះបានបំបែកគ្រួសារក៍មានដែរ។
សូមបញ្ជាក់ថា៖គិតមកដល់ចុងឆ្នាំ២០១៩នេះប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងមានប្រព័ន្ធទឹកស្អាត ប្រើប្រាស់ជាង៦០% ចំណែកបង្គន់អនាម័យមានតែជាង៤០%តែប៉ុណ្ណោះ៕