Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

កម្ពុជាធ្វើមីទ្ទិញ៤១ឆ្នាំ រំឭកចលនាផ្តួលរំលំរបបប្រល័យពូជសាសន៍

Published

on

វិទ្យុជាតិកម្ពុជា ៖លោកវ៉ាង ភក្តី

ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៤១ នៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដោយប្រមូលផ្តុំខ្មែរអ្នកស្នេហាជាតិមួយក្រុមនៅ ក្នុងស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិតេយ្យរបស់ពួកបនប្រល័យពូជសាសន៍ ប៉ុល ពត។
ក្នុងស្មារតីរំឭកឡើងវិញនូវប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្តើមរស់រានមានជីវិតរបស់មាតុភូមិ និងប្រជាជនកម្ពុជា រហូតមកដល់សព្វថ្ងៃ«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានប្តូរឈ្មោះថា «ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា»។

មីទ្ទិញមហាជន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤១ នៃទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលត្រូវបានធ្វើឡើងនៅសាលសន្និសីទចតុមុខ ក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ មានការចូលរួមពីឥស្សរជនជាន់ខ្ពស់របស់ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលដូចជា៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នជាតិ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ យុវជន និងភ្ញៀវអន្តរជាតិនៃបណ្តាប្រទេសជាមិត្តជាច្រើនទៀត។

សម្តេចពញាចក្រី ហេង សំរិន មានប្រសាសន៍ថា ការប្រារព្ធខួបអនុស្សាវរីយ៍នេះ ក្នុងស្មារតីរំឭកការចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់ជាតិ និងប្រជាជនកម្ពុជា។ សម្តេចពញាចក្រី បានបន្តថា ថ្ងៃ២ធ្នូ ពិតជាទិវាប្រវត្តិសាស្ត្រនាំមកនូវជ័យជម្នះសម្រាប់ពលរដ្ឋខ្មែរនោះគឺ ការឈានទៅរកការសង្គ្រោះអាយុជីវិតប្រជាជនដែល នៅសេសសល់ពីការកាប់សម្លាប់បានទាន់ពេលវេលា និងនាំមកជូនប្រជាជនវិញនូវសិទ្ធិ សេរីភាពគ្រប់យ៉ាង ដែលត្រូវបានបាត់បង់ទាំងស្រុងក្នុងរបប ប៉ុលពត ព្រមទាំងបានធ្វើឱ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភាររបស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាងពូនជ្រំនៅក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយនោះ បានរស់រានមានជីវិតឡើងវិញ និងបានរួមវិភាគទានដ៏សកម្មដល់ការថែរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀតជាប្រមុខដឹកនាំ។

កម្លាំងចលនានេះ ចាត់តាំងឡើងដោយផ្អែកលើស្មារតីឯករាជ្យដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃ គ្រប់ជនរួមជាតិទាំងឡាយ ដែលរស់នៅក្រៅប្រទេស ផងដែរ។

គណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីចលនាតស៊ូរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចាត់ទុកថ្ងៃទី២ ខែធ្នូ មិនត្រឹមតែជាព្រឹត្តិការណ៍ជាតិមួយដ៏មានសារសំខាន់បំផុតចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជាពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្យ២ធ្នូនៅបានជួយស្តារ កសាង និងអភិវឌ្ឍសង្គមជាតិនៅគ្រប់ទិសទី ធ្វើឱ្យមាតុភូមិកម្ពុជាមានការប្រែប្រួល មានការប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ គួរឱ្យមានមោទនភាពលើឆាកអន្តរជាតិ៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន