ក្រុមមន្រ្តីព័ត៌មាននៃប្រទេសមហាអនុតំបន់ទន្លេមេគង្គឡានឆាង មានការចាប់អារម្មណ៍ខ្លាំងចំពោះវគ្គបណ្តុះបណ្តាលនៅទីក្រុងគុនមីងខេត្តយូណានប្រទេសចិន

ស្ថានីយវិទ្យុជាតិកម្ពុជាFM96Mhz​​ ៖

លោក សេង គឹមហាង

 

តបតាមការអញ្ជើញរបស់ក្រុមហ៊ុនកាសែតយូណានដេលីគ្រុប នៅទីក្រុងគុនមីង ខេត្តយូណាន ចូលរួមវគ្គបណ្ដុះបណ្ដាលមន្ដ្រីរាជការ និងអ្នកសារព័ត៌មាននៃប្រទេសមហាអនុតំបន់ទន្លេមេគង្គឡានឆាងលើកទីបួន ដែលរួមមានប្រទេស កម្ពុជា ថៃ ឡាវ  វៀតណាម ក្រោមប្រធានបទ “ ស្វែងយល់ពីប្រទេសចិនថ្មី” កាលពីសប្តាហ៍មុននេះ មន្រ្តីយើងមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ។

លោក សេង គឹមហាង អនុប្រធានការិយាល័យព័ត៌មាននៃស្ថានីយវិទ្យុជាតិកម្ពុជាFM96Mhz​​ បានលើកឡើងថា ប្រតិភូនៃប្រទេសកម្ពុជាបានទទួលការស្វាគមន៍ដ៏កក់ក្ដៅពីក្រុមហ៊ុនកាសែតយូណានដេលីគ្រុប ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលស្នាក់នៅ ការទទួលទានអាហារ និងការធ្វើដំណើរ ។ អ្នកសារព័ត៌មានយើងបានទទួលនូវបទពិសោធន៍ថ្មីៗជាច្រើនក្នុងសិក្ខាសាលា រួមមាន ទស្សនៈកិច្ចសិក្សា​និងស្វែងយល់នៅទីផ្សារលក់ផ្កា និងមជ្ឈមណ្ឌលរៀបចំវេចខ្ចប់ និងដាក់លក់ដេញថ្លៃផ្កា ប្លែកៗ ដែលមិនទាន់មានឃើញនៅប្រទេសកម្ពុជា។

លោកបន្តថា គណៈប្រតិភូនៃបណ្ដាប្រទេសឡានឆាងមេគង្គក៏បានទៅទស្សនកិច្ចនៅសារមន្ទីរខេត្តយូណាន ពិពណ៍សមិទ្ធផលទ្រង់ទ្រាយធំ ខួបគម្រប់៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅមន្ទីសិល្បះខេត្តយូណាន ដែលនៅទីនោះមានតាំង បង្ហាញអំពីគំនូរ ដែលរៀបរាប់អំពីជីវភាពរស់នៅរបស់មនុស្សនៅសម័យបុរាណ ការតាំងបង្ហាញផងដែរនូវវត្ថុបុរាណនានា ឩបរណ៍របស់ប្រើប្រាស់ផ្សេងៗជនជាតិចិនភាគតិច(ប៉ាយ)នៃខេត្តយូណាន។

លោក​ ខាមឌីប៉ុនជាលឺ(khamdy Bounchealeun)  អ្នកសារព័ត៍មានឡាវ នាយករងទទួលផ្ទុកផ្នែកសារព័ត៍មានភាសាអង់គ្លេស បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ បានធ្វើឲ្យគាត់យល់ដឹងអំពីដំណើរត្រួតពិនិត្យ និងដឹកជញ្ជូនទំនិញតំបន់សេដ្ឋកិច្ចដ៏សំខាន់រវាងប្រទេសចិននិងវៀតណាមដ៏មមារញឹកនៃច្រកកំពង់ផែ ហឺខូវ ខេត្តយូណាន។

លោកមានប្រសាសន៍បន្តថា អ្នកសារព័ត៌មាននៃប្រទេសមហាអនុតំបន់ទន្លេមេគង្គឡានឆាងយើង ក៏បានទស្សនាក្នុងក្រុមហ៊ុនបច្ចេកវិជ្ជាទំនើបៗ ការសម្តែងរបស់មនុស្សយន្ត ដូចជា មនុស្សយន្តច្រៀងនិងរាំជាដើម ក្នុងថ្ងៃនោះដដែលពេលរសៀលពួកគាត់បានទៅដល់ទីក្រុងមីលឹ  ដែលមានសម្រស់ធម្មជាតិដ៏ស្រស់ស្អាត សួនសាធារណៈព្រៃឈើ បែបអេកូឡូស៊ី ផ្ទះបុរាណសំបុកចាប និងទស្សនាទេសចរណ៍គម្រោងធំៗរបស់ប្រទេសចិន គ្រោងនឹងសាងសង់នៅទីនោះ។

ជារួម ដំណើរទស្សនកិច្ច និងការសិក្សាកន្លងមួយសប្តាហ៍នេះពីថ្ងៃទី១៤ដល់២០ខែវិច្ចិកា  បណ្ដាលមន្ដ្រីរាជការ និងអ្នកសារព័ត៌មាននៃប្រទេសមហាអនុតំបន់ទន្លេមេគង្គឡានឆាង ពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ព្រោះពួកគាត់បានទទួលនូវបទពិសោធន៍ថ្មីៗទាក់ទងនឹងខេត្តយូណាន លើវិស័យ សេដ្ឋកិច្ច វប្បធម៍ ប្រពៃណី និងបច្ចេកវិទ្យា ល ។ បន្ថែមលើពីនេះ កម្មវិធីបណុះបណ្តាលនេះ ញ៉ាំងមន្រី្តសារពត៍មានតាមអនុទន្លេមេគង្គរបស់យើង កាន់តែមានទំនាក់ទំនងកាន់តែជិតស្និទិ្នរវាងគ្នានឹងគ្នា។