រដ្ឋបាលរាជធានីភ្នំពេញបង្ហាញពិព័ពរណ៍រូបភាពរយៈពេល៤០ឆ្នាំរបស់រាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

រដ្ឋបាលរាជធានីភ្នំពេញបង្ហាញពិព័ពរណ៍រូបភាពរយៈពេល៤០ឆ្នាំរបស់រាជធានីភ្នំពេញ ដើម្បីបង្ហាញអោយប្រជាពលរដ្ឋនិងភ្ញៀវបរទេសបានស្វែងយល់ពីការវិវឌ្ឍរបស់រាជធានីភ្នំពេញចេញពីបាតដៃទទេ ហើយមានការអភិវឌ្ឍន៍រីកចំរើនមកដល់សព្វថ្ងៃនេះ។

រូបភាពភាពជាច្រើនផ្ទាំងដែលពិពណ៌នាអំពីស្ថានភាពរាជធានីភ្នំពេញ ក្នុងរយៈពេល៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០១៩ នេះត្រូវបានដាក់បង្ហាញជាសាធារណៈប្របតាមដងទន្លេសាប នៅលើផ្លូវថ្មើរជើងក្រោយសាលសន្និសីទចតុមុខ នារសៀលថ្ងៃទី១ខែធ្នូ ឆ្នាំ២០១៩ ដែលមានមនុស្សម្នាចូលទស្សនាយ៉ាច្រើនកុះករ។
ពិព័រណ៍រូបភាពនេះ ត្រូវបានផ្សព្វផ្សាយដើម្បីអបអរសាទរ ក្នុងឱកាសដែររាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ រៀបចំ មហាសន្និបាតសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ខែធ្នូឆ្នាំ ២០១៩។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន អោយដឹងថា ពិព័រណ៍រូបភាពនេះនឹងធ្វើអោយមហាជន បានយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកសន្តិភាព និងការស្ថាបនា
រាជធានីភ្នំពេញ ព្រមទាំងប្រទេសកម្ពុជាទាំងមូលបានយ៉ាងល្អស្រស់ឆើតឆាយ ចេញពីបាតដៃទទេក្រោយភ្នក់ភ្លើង សង្គ្រាម។
ឯកឧត្តម ជែ ប៉ាយ៉េ តំណាងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)
បានកោតសរសើររាជធានីភ្នំពេញ ថារៀបចំពិព័រណ៍រូបភាពនេះបានល្អ ដើម្បីអោយប្រជាពលរដ្ឋនៅតែចង់ចាំពីការដឹកនាំដល់ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលធ្វើអោយទីក្រុងនេះមានការអភិវឌ្ឍរីកចំរើនគួរកត់សម្គាល់។ ឯកឧត្តមបានបញ្ជាក់ថា រាជធានីភ្នំពេញនឹងក្លាយជាទីក្រុងគំរូសម្រាប់សមាជិកទីក្រុង
អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)នៅទ្វីបអាហ្រិកដើម្បីអនុវត្តតាម។

សូមបញ្ជាក់ថា ពិព័រណ៍រូបភាពរយៈពេល៤០ឆ្នាំរបស់រាជធានីភ្នំពេញនេះ ត្រូវបានសម្រិតសម្រាំងរូបភាពរហូតដល់ជាង២ពាន់សន្លឹក ដែលបានមកពីក្រុមផលិតករថតរូបកម្ពុជា និងបរទេស។

គួរំលឹកផងដែរថា នៅរសៀលថ្ងៃទី១ខែធ្នូនេះ រដ្ឋបាលរាជធានីភ្នំពេញនិងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានរួមគ្នាសម្ពោធឧបករណ៍កម្សាន្តកុមារនិងឧបករណ៍ហាត់ប្រាណ នៅសួនព្រះនាងប្រាជ្ញបារមី ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដើម្បីជាប្រយោជន៍ដល់ប្រជាជននិងសង្គមជាតិ។