ឯកឧត្តមអភិបាលខេត្តប៉ៃលិន បានសម្របសម្រួលដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅវត្តបេងសុវណ្ណារាមប្រកបដោយជោគជ័យ

វិទ្យុជាតិកម្ពុជា៖ មន្ទីព័ត៌មានប៉ៃលិន លោក កាយណា

ប៉ៃលិន៖ព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩  ឯកឧត្តម ផាន់ចាន់ធុល អភិបាលខេត្តប៉ៃលិន អបដំណើដោយឯកឧត្តហុកសុផល អភិបាលរងខេត្ត លោក សំ សារ៉េត បអភិបាលស្រុកសាលាក្រៅ និង​ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញនៃមន្ទីរសុរិយោដីនិងនគររូបនីយកម្មខេត្ត បាន​អញ្ជើញចុះ​ដោះស្រាយបញ្ហាទំនាស់ដីធ្លីមួយកន្លែងរវាងដីវត្តបេងសុវណ្ណរាមជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់របងវត្តបេង រស់នៅភូមិ អូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងឱកាសដោះស្រាយដីទំនាស់នោះដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ បច្ចុប្បន្នបញ្ហាទំនាស់ដីធ្លីតែងកើតមានឡើង ដោយសារដីធ្លីមានទីផ្សារខ្ពស់និងកំណើនប្រជាពលរដ្ឋនិងកំណើនសេដកិច្ចកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនាមអាជ្ញាខេត្តតែងជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីបងប្អូនប្រជាពលរដ្ឋដោយស្មើភាពនឹងគ្មានភាពលំអៀងនោះទេ សំខាន់ក្នុងនាមប្រជាពលរដ្ឋដែលស្ថិតក្រោមដំបូលសញ្ជាតិកម្ពុជាតែមួយមានតែការជជែក ពិភាក្សាផ្លាស់ប្តូរ​ និងធ្វើការសម្របសម្រួល​ យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកទេ​ទើបបញ្ហាទាំងអស់នោះត្រូវបញ្ចប់ តែបើបញ្ហាពាក់ព័ន្ធដីវត្តនិងប្រជាពលរដ្ឋ​ ដែលជាភាគីទំនាស់​នៅតែប្រកាន់ជំហររឹងទទឹងដាក់គ្នា​ និងព្យាយាមស្វែងរកផ្លូវតុលាការនោះ​នឹងត្រូវខាតពេលវេលា​និងថវិកា ហើយប្រឈមទៅនឹងការខាតបង់ពេលវេលា ទ្រព្យធនធានច្រើន ជាពិសេសអស់លុយអស់កាក់មិនខានឡើយ។

ឯកឧត្តម ផាន់ ចាន់ធុល បានសង្កត់ធ្ងន់ថា៖​ ពលរដ្ឋម្នាក់ៗ​ ត្រូវមានការយោគយល់អធ្យាស្រ័យ សន្តោសប្រណីជួយគ្នាទៅវិញទៅមកទើបល្អប្រសើរ​ ព្រោះយើងជាមហាគ្រួសារតែមួយ រស់នៅក្រោមដំបូលតែមួយក្រោមដំបូលសន្តិភាពនយោបាយឈ្នះៗរបស់សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុន សែន ។

សូមបញ្ជាក់ថា​៖ ដីវត្តបេងសុវណ្ណរាមដែលមានទំនាស់មួយនេះមានរយះពេល៩ឆ្នាំមកហើយជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់របងរវត្តដែលមានម្ចាស់ឈ្មោះ ព្រាន  ដែលមានបញ្ហាកន្ទុយដីដាក់បង្គោលចូលដីវត្តជាច្រើនឆ្នាំមកហើយ ដែលមានក្បាលខាងត្បូង ១៦៣ម៉ែត្រ បណ្តោយទល់ផ្លូវលំសងខាង នឹងទទឹងខាងក្រោយមានប្រវែង១៥០ម៉ែត្រ ។ ជាលទ្ធផលភាគីទាំងសងខាងបងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់ដីវត្តនិងព្រះគ្រូចៅអធិវត្តបេងសុវណ្ណរាម បានយល់ព្រមនូវការសម្របសម្រួលរបស់ឯកឧត្តម អភិបាលខេត្ត បានយល់ព្រមទទួលយកនូវកិច្ចព្រមព្រៀងបញ្ចប់បញ្ហាជម្លោះដីដោយបានផ្តិតមេដៃនិងធ្វើកិច្ចសន្យាបញ្ចប់ទំនាស់ក្រោមការសម្របសម្រួលនិងចូលរួមពីអភិបាលស្រុក អាជ្ញាធរឃុំ និងមន្ទីរសុរិយោដី។  ហើយដីនៅភូមិអូររបេង នេះមិនទាន់មានប្លង់កម្មសិទ្ធជាលក្ខណៈប្រព័ន្ធនៅឡើយទេ ទើបឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន សម្របសម្រួលបញ្ចប់ទំនាស់ដីធ្លីនេះនិងចេញប្លង់កម្មសិទ្ធជាលក្ខណៈប្រព័ន្ធអោយស្របច្បាប់ត្រឹមត្រូវងាយស្រួលប្រើប្រាស់ផងដែរ៕