ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំនេះក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍»

វិទ្យុជាតិកម្ពុជា៖
ភ្នំពេញ៖ ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍» ដែលជាប្រធានបទដ៏មានសារៈសំខាន់ដើម្បីឈានទៅលុបបំបាត់ការរីករាលដាលជំងឺអេដស៏ថ្មីឲ្យមានប្រសិទ្ធិភាព។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិការភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា បានចេញនូវសារលិខិត ដើម្បីចូលរួមក្នុងឱកាសទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍»។
សារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា ការកំណត់យកប្រធានបទនេះឡើងមានគោលបំណងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រកប ដោយឆន្ទៈមោះមុត ឈានទៅសម្រេចបានគោលដៅ បញ្ចប់បញ្ហាអេដស៍នៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ២០២៥។
សាលិខិតបន្តថាក្នុងរយៈកាល២៨ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជារួមជាមួយដៃគូសហប្រតិបត្តិការជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា និង កាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ រហូតសម្រេចបាននូវការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ធ្វើឱ្យអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមប្រជាជនទូទៅចាប់ពីអាយុ ១៥ ទៅ ៤៩ ឆ្នាំ បានធ្លាក់ចុះពី ១.៦ភាគរយ នៅឆ្នាំ១៩៩៨ ធ្លាក់ចុះមកនៅ១ភាគរយ នៅឆ្នាំ២០០៦ និងធ្លាក់ចុះជាបន្តបន្ទាប់មកនៅ ០.៨ភាគរយ នៅឆ្នាំ២០១០ និង ០.៥ភាគរយ នៅឆ្នាំ២០១៩នេះ។
សារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបញ្ជាក់ថា ជាមួយគ្នានេះ របាយការណ៍សង្ខេបរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០១៩ នេះ បានបង្ហាញឱ្យដឹងថា កម្ពុជាអាចកាត់បន្ថយការចម្លងមេរោគអេដស៍ថ្មី បានពី ២,៣០០នាក់ ក្នុងឆ្នាំ២០១០ មកនៅត្រឹមចំនួនប្រមាណ៨៨០នាក់ ក្នុងឆ្នាំ២០១៩ ចំណែកឯការផ្តល់ឱសថប្រឆាំងមេរោគអេដស៍វិញ អាចសម្រេចបាន ៩៩ភាគរយក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ដែលកំពុងត្រូវការឱសថប្រឆាំងមេរោគអេដស៍ និងសេវាថែទាំព្យាបាល ហើយដែលជាលទ្ធផល បានធ្វើឱ្យអត្រាមរណភាពដោយសារជំងឺអេដស៍ធ្លាក់ចុះជារៀងរាល់ឆ្នាំ៕