Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ទិវាជនពិការ៣ធ្នូឆ្នាំនេះក្រោមប្រធានបទ “លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន”

Published

on

វិទ្យុជាតិកម្ពុជា: ហុក សុខរិន


ភ្នំពេញ៖ ទិវាជនពិការ៣ធ្នូឆ្នាំនេះ រាជរដ្ឋាភិបាលបានកំណត់យកប្រធានបទ “លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន” ក្នុងគោលជួយលើកស្ទួយឧត្តម ប្រយោជនរបស់ជនពិការនៅក្នុងសង្គមឲ្យកាន់តែមានប្រសិទ្ធភាព។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងសារលិខិតដល់ជនរួមជាតិទំាងអស់ ឲ្យដឹងថា ពិធីអបអរសាទទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលបានកំណត់យកប្រធានបទ “លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន” ដែលជាប្រធានបទដ៏សំខាន់តម្រង់ទិសដល់គ្រប់ភាគីពាក់ព័ន្ធ ជួយដល់ជនពិការឲ្យចំទិសដៅ។ សម្តេចតេជោហ៊ុនសែនបានអៈអាងក្នុងសារលិខិតថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍជាតិ ដោយបន្តប្តេជ្ញាថែរក្សាសន្តិភាពស្ថិរភាពនយោបាយ សន្តិសុខជាតិ កំណើនសេដ្ឋកិច្ចដោយឈរលើមូលដ្ឋានឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្ស។ បន្ថែមពីនេះទៀត សិទ្ធិរបស់ជនមានពិការភាពក៏ត្រូវបានការពារដោយច្បាប់ជាតិនិងអន្តរជាតិក្នុងគោលបំណងការពារសិទ្ធិសេរីភាព ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ការរើសអើងចំពោះជនមានពិការភាពដើម្បីធានាដល់សិទ្ធិស្មើភាពគ្នានៃសកម្មភាពក្នុងសង្គមរវាងជនមានពិការភាពនិងមិនមានពិការភាព។ សម្តេចជោនាយករដ្ឋមន្រ្តីបានថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជាសំដៅជួយដល់ជនមានពិការភាពនិងក្រុមគ្រួសារឱ្យទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើងទទួលបានសេវាសង្គមនិងសេវាសាធារណៈប្រកបដោយគុណភាព រួមទាំងជំរុញឱ្យជនមានពិការភាពបានចូលរួមគ្រប់សកម្មភាពក្នុងសង្គមទាំងការទៅចុះឈ្មោះបោះឆ្នោតនិងឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោត ការទទួលបានការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូរ ព្រមទាំងការគិតគូរដាក់បញ្ចូលការងារពិការភាពក្នុងគ្រប់វិស័យ។
សូមបញ្ជាក់ថា ជនមានពិការភាព ត្រូវបានផ្តល់អាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៤០ដោយគិតក្នុងឆ្នាំ២០១៩នេះ ជនមានពិការភាពបានចូលបម្រើការងារសរុបចំនួន២៨៦០នាក់ ស្រ្តីមានពិការភាពចំនួន៧៨៩នាក់ ក្នុងនោះពិការកម្រិតធ្ងន់មានចំនួន១ ៥៥៧នាក់ ដែលក្នុងម្នាក់គិតស្មើនឹងចំនួន២នាក់ មានចំនួនសរុប៤ ៤១៧នាក់ ស្មើនឹង១,៩៥ភាគរយ ហើយបច្ចុប្បន្នគ្រប់ក្រសួង ស្ថាប័នរដ្ឋកំពុងជ្រើសរើសឱ្យគ្រប់តាមអត្រាកំណត់ចំនួន២ភាគរយ នៅក្នុងឆ្នាំ២០១៩នេះ។ ដោយឡែកនៅវិស័យឯកជនវិញចំនួន១០២អង្គភាពដែលបានចុះបញ្ជី បានជ្រើសរើសនិយោជិកមានពិការភាពសរុបចំនួន
៣ ៧៩២នាក់ ស្មើ២,៩៤ភាគរយ ក្នុងនោះមានស្រ្តីមានពិការភាពចំនួន២ ១៦២នាក់៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន