ចិនត្រៀមជួយលើកកម្ពស់សមត្ថភាពធនធានមនុស្សលើវិស័យកសិកម្មនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកជួន បូណា
ភ្នំពេញ៖រាជបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មចិន ត្រៀមជួយលើកកម្ពស់សមត្ថភាពធនធានមនុស្សលើវិស័យកសិកម្មនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើនថែមទៀត។
លោកស្រី Wang Chunxia សាកលវិទ្យាធិការរងសាលាក្រោយឧត្តមនៃរាជ បណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មនៃសាធារណ:រដ្ឋប្រជាមានិតចិនបានអះអាងថា រាជបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មចិនកំពុងពិចារណាបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបម្រើឲ្យវិស័យកសិកម្មនាពេលអនាគតដ៏ខ្លី។
កាលើកឡើងបែបនេះក្នុងឱកាសដែលលោកស្រី Wang Chunxia ដឹកនាំប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាគ្នា អំពីការបង្កើតគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយរាជបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម លើការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ ការគ្រប់គ្រងគុណភាពកសិផល ការកែច្នៃ និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានស្វាគមន៍ និងគាំទ្រចំពោះឆន្ទៈបង្កើតកិច្ចសហប្រតិបត្តិការនេះ ដើម្បីផ្លាស់ប្តូរសាស្រ្តាចារ្យ និងនិស្សិត មានឱកាសទៅសិក្សាស្រាវជ្រាវ រៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ និងបំពេញបន្ថែមនូវរាល់ចំណេះដឹងនៅក្នុងប្រទេសទំាង២ ធ្វើយ៉ាងណាអភិវឌ្ឍវិស័កសិកម្មកម្ពុជាឲ្យមានការរីកចម្រើនថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រីបាបញ្ជាក់ថា ការបង្កើតកិច្ចសហប្រតិបត្តិការការបណ្ដុះបណ្ដាលធនធានមនុស្សនេះ គឺបានស្របតាមអ្វីដែលក្រសួងកំពុងជំរុញ និងយកចិត្តទុកដាក់ក្នុងការអនុវត្តទំនើបកម្មកសិកម្មតាមរយៈប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ ប្រព័ន្ធឌីជីថល និងយន្តូបនីកម្មកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការផលិត កាត់បន្ថយពេលវេលា ពលកម្ម ធានាប្រសិទ្ធភាពការងារ គុណភាព និងសុវត្ថិភាពផលិតផល។
ឯកឧត្តមរដ្ឋមន្ត្រីក៏ស្នើសុំឲ្យរាជបណ្ឌិត្យសភាពរៀបចំឯកសារអនុស្សរណនៃការយោគយល់គ្នា(MOU)ចំពោះកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មឲ្យបានឆាប់ ដើម្បីដាក់ជូនក្រុមការងាររបស់ភាគីទាំងពីរពិនិត្យ និងចុះហត្ថលេខាប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ខាងមុខ៕