អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋត្រូវមកពិនិត្យផ្ទៀងផ្ទាត់ទិន្ន័យក្បាលដី របស់ខ្លួនឱ្យបានត្រឹមដើម្បីមន្ត្រីជំនាញធ្វើប្លង់ជូនបានលឿន

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោក កុល កាយណា មន្ទីរព័ត៌មានខេត្តបៃលិន

 ប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមកពិនិត្យ ផ្ទៀង​​ផ្ទាត់ ទិន្ន័យក្បាលដី របស់ខ្លួនឱ្យបានត្រឹមត្រូវដើម្បីមន្រ្តីជំនាញធ្វើ                                                 ឯកសារប្លង់ដី បានឆាប់រហ័ស និងទាន់ពេលវេលា។

 

ក្នុងពិធីបិទផ្សាយជាសាធាណៈនូវឯកសារនៃការវិនិឆ្ឆ័យ សំរាប់ការចុះ បញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់ភូមិស្ទឹងកាច់ និងភូមិរថក្រោះឆេះ ដែលប្រារព្ធឡើងនៅបរិវេណវត្តបេង ដែលស្ថិតក្នុងភូមិបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានណែនាំដល់ ប្រជា ពលរដ្ឋត្រូវមកពិនិត្យ ផ្ទៀងផ្ទាត់ ទិន្ន័យក្បាលដី បញ្ជីឈ្មោះ ទីតាំង ប្រភេទ ទ្រព្យ ប្រភេទដី ដីលំ នៅឋាន ដីកសិកម្ម របស់ខ្លួនអោយបាន ត្រឹមត្រូវ ច្បាស់លាស់ ។

ឯកឧត្តមបន្តថា ការធ្វើបែបនេះជាការបង្កលក្ខណៈងាយ ស្រួលដល់ មន្រ្តីជំនាញធ្វើឯកសារប្លង់ដី បានឆាប់ រហ័ស ទាន់ពេលវេលា ឆ្លើយតបទៅនឹង គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវស្តាប់ពីការណែនាំ របស់មន្រ្តីជំនាញពីនិតិវិធី នៃច្បាប់ការ ធ្វើប្លង់ដីជាលក្ខណៈជាប្រព័ន្ធ នឹងត្រូវចូលរួមសហការជា មួយ មន្រ្តីជំនាញ  ដើម្បីរួមគ្នាអនុវត្ត ការងារ ធ្វើប្លង់ដី អោយទទួលជោគជ័យគ្រប់ស្ថានភាព។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា៖ ដើម្បីធានាឱ្យមានគុណភាព តម្លាភាព ប្រសិទ្ធិភាព ក្នុងការបំរើ សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ  ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាព ទាំងចំនេះដឹង ជំនាញ និងស្មារតី សំរាប់បន្តអនុវត្តន៍ផែនការ យុទ្ធសាស្រ្ត និងសកម្មភាព ទាក់ទងទៅនឹងការផ្តល់សេវា សាធាណៈនូវឯកសារនៃការវិនិឆ្ឆ័យ សំរាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងន័យលើកស្ទួយជីវភាពអោយបានកាន់តែល្អជាងមុននិងមានភាពងាយស្រួល ដើម្បីអោយពួកគាត់ប្រើប្រាស់ប្លង់ដីធ្លីមានលក្ខណះត្រឹមត្រូវនិងប្រើប្រាស់តាមតម្រូវការជាក់ស្តែងផងដែរ។

 

លោក សូ សុខុន ប្រធានមន្ទីររៀប ចំដែន ដីនគរូបនីយកម្ម និងសូរិយោដីខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការបិទផ្សាយជាសាធាណៈនូវឯកសារនៃការវិនិឆ្ឆ័យ សំរាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលក្នុងភូមិស្ទឹងកាច់និងភូមិរថក្រោះឆេះ គឺមានរយៈ ពេល១៥ ថ្ងៃ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាមកពិនិត្យការបិទផ្សាយផ្ទៀងផ្ទាត់ ទិន្ន័យក្បាលដី របស់ខ្លួនឱ្យបានត្រឹមត្រូវ ច្បាស់លាស់ បើកើតមានឡើងនូវករណីខុសឈ្មោះ ខុសទំហីដីគឺជំនាញសុរិយោដីនឹងមានការកែសម្រួលជូនអោយបានទាន់ពេលវេលាទៀតផង។

លោកបានគូសបញ្ជាក់ផងដែរថា៖ សម្រាប់ការបិទប្រកាសដីធ្លីនៅពេលនេះមាន ០២ភូមិ គឺភូមិស្ទឹងកាច់ និងភូមិរថក្រោះឆេះ ភូមិស្ទឹងកាច់មានផ្ទៃដីទំហំ ១១៣.៤៦ហិកតា ក្បាលដីបានចំនួន ១៩៥ក្បាលដី ហើយមានចំនួន ១៤៧គ្រួសារ ស្មើនឹង១៩៥ក្បាលដី។ ដោយឡែកភូមិរថក្រោះឆេះមានផ្ទៃដីទំហំ ១៥០.៥៤ហិកតា ក្បាលដីបានចំនួន ១២៧ ក្បាលដី ហើយមានចំនួន ១០៤ គ្រួសារ ស្មើនឹង១២៧ក្បាលដី៕