រដួវធ្វើប្រហុកផ្អកគ្រោងចាប់ផ្តើមឡើងនៅដើមខែធ្នូនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា ទុយ

ភ្នំពេញ៖ មន្ត្រីជំនាញរដ្ឋបាលជលផលបានអៈអាងពីរដូវធ្វើប្រហុកផ្អកគ្រោងចាប់ផ្តើមឡើងនៅ ដើមខែធ្នូខាងមុខនេះ ពោលគឺចាប់ពីថ្ងៃទី១ឬថ្ងៃទី២ខែធ្នូនេះ ដោយអំពាវនាវដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈ ដើម្បីធ្វើប្រហុកផ្អក ឬ ត្រីឆ្អើរ សម្រាប់ ទុកបរិភោគនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

លោក អ៊ុច វុត្ថា ប្រធាននាយកដ្ឋានកិច្ចការជលផល បានមានប្រសាសន៍ ប្រាប់វិទ្យុជាតិកម្ពុជា ដោយអំពាវនាវដល់ប្រជាពលរដ្ឋ នៅតាមបណ្ដាលខេត្តទាំងអស់ ដែលមានបំណងចង់ធ្វើ ប្រហុក ផ្អក ត្រីឆ្អើរ ត្រូវរួសរាន់ត្រៀមសំភារៈផ្សេងៗដូចជាំអំបិល ក្រឡ និងមធ្យោបាយធ្វើដំណើរដើម្បីឲ្យការងារធ្វើប្រហុកផ្អកបានដោយរលូន។
លោកបានឲ្យដឹងថា រដូវចាប់ត្រីធ្វើប្រហុក ផ្អកឆ្នាំនេះ អាចនឹងមានការថយចុះជាងឆ្នាំមុន ដោយសារទឹកទន្លេមេគង្គមានកម្ពស់ទាប ឡើងយឹត ហើយស្រកលឿន ធ្វើឲ្យត្រីខកខានពុំបាន ពងកូនបានទាន់ពេលវេលា។ តែទោះជាយ៉ាងនេះក្តីលោកបានអៈអាងថា ត្រីសម្រាប់ធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ មិនខ្វះឡើយ ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

សំឡេង៖ ជាប្រពៃណីខ្នើតនិងត្រីត្រូវហើយ គេហៅខ្នើតមាឃ អញ្ចឹងខ្នើតក្រោយខ្នើតធំគឺខ្នើតបុស្សគឺខែបុស្សនិងត្រីត្រូវខ្លាំង ប៉ុន្តែសម្រាប់ឆ្នាំនេះដោយសារស្ថានភាពមិនប្រសើរ ត្រីវាអាចសម្រុកចុះនៅខ្នើតនេះ បើគាត់រងចាំខ្នើតបុស្ស អាចអត់ត្រី ទឹកគោក ត្រីលែងធ្លាក់មកហើយ អញ្ចឹងខ្ញុំសំណូមពរដល់ប្រជាពលរដ្ឋ គឺរួសរាន់ប្រញាប់មកធ្វើត្រីប្រហុកក្នុងខ្នើតនេះអោយហើយ មិនទាន់ដឹងថ្ងៃណាទេ ខ្ញុំកំពុងតែតាមដាន ប្រហែលជាថ្ងៃ៥ឬ៦កើតនិងត្រីអាចនិងធ្លាក់ ខ្ញុំនឹងជូនដំណឹងបន្ថែមទៀត ។

លោក អ៊ុច វុត្ថា បានសំណូមពរអោយប្រជាពលរដ្ឋចូលរួមថែរក្សា ការពារធនធានជលផល និងសូមបញ្ឈប់នូវការកាប់ព្រៃលិចទឹក លុបបឹងព្រែក ដែលជាជំរកត្រីពងកូន កុំប្រើប្រាស់ឧបករណ៍ដែលច្បាប់ហាមឃាត់ កត្តាទាំងនេះហើយ អាចធ្វើឲ្យការបន្តពូជរបស់ត្រីមេពូជមិនបានប្រសើរ ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ត្រីអាចត្រូវចំនួនបីលើក គឺត្រូវនៅ ខ្នើតមាឃតូច ខ្នើតខែបុស្ស និងខ្នើតមាឃធំ ហើយប្រជាពលរដ្ឋតែងតែសម្រុកធ្វើប្រហុកផ្អក ឬត្រីឆ្អើនៅខ្នើតខែបុស្ស៕