អាជ្ញាធរខេត្តឧត្តរមានជ័យត្រៀមលក្ខណៈរួចជាស្រេចដើម្បីឆ្លើយតប នឹងគ្រោះរាំងស្ងួតនារដូវប្រាំងនេះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ហាន់ ស្រីណា

MC: អាជ្ញាធរខេត្តឧត្តរមានជ័យបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីឆ្លើយតប នឹងគ្រោះរាំងស្ងួតដែលនឹងកើតឡើងនារដូវប្រាំងនេះដើម្បីធានាឆ្លើយតបទៅនឹងការខ្វះខាត​ទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជាតម្រូវការលើវិស័យកសិកម្ម។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តឧត្តរមានជ័យបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្នខេត្តឧត្តរមានជ័យមានស្ថានីយ៍ឧត្តុនិយមស្វ័យប្រវត្តិចំនួន៥កន្លែងនិងស្ថានីយ៍ជលសាស្រ្តចំនួន៥កន្លែង ដែលសំណង់ធារាស្រ្តទាំងនេះ បាននឹងកំពុងចូលរួមគ្រប់គ្រងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតដោយធានាបានទឹកគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋព្រមទាំងជួយដល់វិស័យកសិកម្មក្នុងខេត្តដែលមានការរីកចំរើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបន្តថា ដើម្បីឆ្លើយតបតំរូវការលើការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ មន្ទីធនធានទឹក និងឧត្តុនិយមខេត្តឧត្តរមានជ័យបានអភិវឌ្ឍន៍ ស្តារនិងកសាង ប្រព័ន្ធធារាសាស្រ្ត ប្រឡាយ លូបង្ហូរទឹក ស្ទើរគ្រប់ទីកន្លែងដូចជា ប្រព័ន្ធធារាសាស្រ្តខ្នាតតូចមានចំនួន៥៧កន្លែង ប្រព័ន្ធធារាសាស្រ្តខ្នាតមធ្យម មានចំនួន២៨កន្លែង និង ប្រព័ន្ធធារាសាស្រ្តខ្នាតធំមានចំនួន៣ កន្លែងដែលអាចស្តុកទឹកបានប្រមា៦៨៧,៧លានម៉ែត្រគូប ដែលអាចស្រោចស្រព ផ្គត់ផ្គង់ទឹកស្រោចលើដីស្រែរបស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង៤ម៉ឺន៤ពាន់២៩៦ហិកតា។

សំលេង: ខេត្តឧត្តរមានជ័យមានទំនប់ទឹកប្រវែង១០១គីឡូម៉ែត្រ មានប្រឡាយមេប្រវែង១០២គីឡូម៉ែត្រ ប្រឡាយរងប្រវែង១២គីឡូម៉ែត្រ និងប្រឡាយជើងក្អែបប្រវែង៤០គីឡូម៉ែត្រនៅក្នុងនោះទ្វារទឹកដែលកំពុងស្រោចស្រពមានចំនួន៨០កន្លែង សំណង់បង្ហៀរចំនួន២០កន្លែង សំណង់ស្ទាក់ទឹកមានចំនួន១៧កន្លែង។
លោកបញ្ជាក់ថា ការពង្រីកផែនការស្តារប្រឡាយនិងរក្សាប្រភពទឹកនៅក្នុងខេត្តឧត្តរមាន ជ័យ កំពុងមានសកម្មភាពមមាញឹកយ៉ាងខ្លំាង ដើម្បីធានាដល់ការឆ្លើយតបចំពោះបញ្ហាខ្វះខាត ទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ ខណៈដែលឆ្នាំនេះកម្ពុជាអាចនឹងជួយគ្រោះរាំងស្ងួត ដូចកាល ពីឆ្នាំ២០១៨កន្លងទៅ។

សូមបញ្ជាក់ថាកាលពីឆ្នាំ២០១៨កន្លងទៅខេត្តឧត្តរមានជ័យធានាបាននូវការផ្គត់ផ្គង់ទឹកប្រើប្រាស់គ្រប់គ្រាន់ពិសេសស្រោចស្រពលើការដាំដុះដំណាំស្រូវ និងដំណាំកសិឧស្សាហកម្ម ៕