ក្រសួងធម្មការសហការជាមួយរដ្ឋបាលខេត្តកំពង់ចាមបើកសិក្ខាសាលាលើកកម្ពស់តួនាទីស្ត្រី ក្នុងសាសនា និងសង្គម

វិទ្យុជាតិកម្ពុជា:៖ដោយលោក ចិន សារ៉ាត ខេត្តកំពង់ចាម

MC៖  ក្រសួងធម្មការ និងសាសនា សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម បើកសិក្ខាសាលាលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យសាសនា និងសង្គម ដើម្បីធានាសមភាពយេនឌ័រនៅកម្ពុជា។

លោក រ៉េត សារ៉ាត អនុប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាមបានមានប្រសាសន៍ថា សិក្ខាសាលាស្តីពីការអនុវត្តន៍ផែនការយុទ្ធសាស្ត្រ និងការអនុវត្តន៍ និសដៅបញ្ហាយេនឌ័រ ឆ្នាំ ២០១៩ ក្រោមប្រធានបទ “តួនាទីស្ត្រី ក្នុងសាសនា និងសង្គម”នេះក្នុងគោលបំណង ដើម្បីបង្ហាញពីឥទ្ធិពល នៃការរីកចម្រើន និងបញ្ហាប្រឈម របស់ស្ត្រី ក្នុងការចូលរួមវិស័យសាសនា និងសង្គម ។

លោកហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា តួនាទីស្រ្តី ពិតជាបានចូលរួមចំណែកយ៉ាងធំធេង នៅក្នុងការធ្វើឲ្យប្រសើរឡើង នៃការគោរពប្រតិបត្តិលើទ្រឹស្តី និងភាពរីកចំរើន ក្នុងសាសនានីមួយៗ ទូទាំងប្រទេស និយាយរួម និងនិយាយដោឡែក នៅខេត្តកំពង់ចាមនេះ ។លោកបន្តថា នៅក្នុងវិស័យសាធារណៈ វិស័យឯកជន អង្គការជាតិ អន្តរជាតិនៅកម្ពុជាតែងគាំទ្របើកទូលាយនិងលើកទឹកចិត្តស្ត្រីឲ្យចូលរួមចាប់យកការងារ តួនាទី ដោយមិនមានការរើសអើង ហើយស្ត្រីមានលទ្ធភាព កាន់តែច្រើនក្នុងការទទួលបានការសិក្សាអប់រំ ការស្វែងរកប្រាក់ចំណូល ជួយដល់សេដ្ឋកិច្ចគ្រួសារ ការទទួលបានសេវាសុខភាពបឋម សុខភាពបន្តពូជ សុខភាពមាតា និងទារក អាហារូបត្ថម្ភ ជាដើម ។

លោកជំទាវ ទូច សារ៉ុន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានចាត់ទុកថា សិក្ខាសាលានាពេលនេះបានចូលរួមចំណែកអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជ្រាបគោលនយោបាយ កម្មវិធីនិងវិស័យនានា ដោយផ្តោតទៅលើការបង្កើតភាពអង់អាចក្លាហាន ដល់ស្ត្រី ចូលរួមក្នុងវិស័យសេដ្ឋកិច្ច ផ្លូវច្បាប់ និងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងវិស័យសាធារណៈ ។

លោកជំទាវបានលើកឡើងដែរថា ក្រោមការដឹកនាំដ៏ខ្ពស់ខ្ពស់ និងត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងធម្មការ និងសាសនាបានសហការយ៉ាងជិតស្និត ជាមួយស្ថាប័នពាក់ព័ន្ធនានាបាននឹងកំពុងជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ទៅលើការអប់រំតាមរយៈព្រះសង្ឃ លោកអាចារ្យ ដូនជី តាជី នៅតាមសាលា វត្តអារាម និងមេដឹកនាំសាសនា នៅតាមវិហារ ស្នាក់ការសាសនា បាននិមន្ត-អញ្ជើញទៅជួបផ្ទាល់ នៃជនគោលដៅ ដើម្បី ផ្តល់សារនៃការអប់រំ និងលើកកម្ពស់តួនាទីស្រ្តីនៅក្នុងសង្គម ៕