អ្នកសារព័ត៌មានចំនួន៤ប្រទេសក្នុងតំបន់អាស៊ានចូលរួមបណ្តុះបណ្តាលរបៀបផ្សព្វផ្សាយសម័យថ្មីនៅក្នុងប្រទេសចិន

វិទ្យុជាតិកម្ពុជា: កញ្ញា អ៊ិន ហ្វានីន

ភ្នំពេញ៖  អ្នកសារព័ត៌មានចំនួន៤ប្រទេសក្នុងតំបន់អាស៊ាន រួមមាន កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា បានចូលរួមក្នុងកម្មវិធីវគ្គបណ្តុះបណ្តាល “របៀបផ្សព្វផ្សាយថ្មីនៃប្រទសក្នុងតំបន់មេគង្គ-ឡាងឆាង”    ដែលរៀបចំឡើងដោយ វិទ្យុ និងទូរទស្សន៍ក្វាងស៊ី ប្រទេសចិន។

 

កញ្ញា អ៊ិន ហ្វានីន មន្រ្តីវិទ្យុជាតិកម្ពុជា ដែលបានអញ្ចើញចូលរួមក្នុងព្រឹត្តិការណ៍នោះ បានរាយការណ៍ឲ្យដឹងថា  វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ ថ្ងៃ ស្ថិតនៅតំបន់ស្វ័យតក្វាងស៊ី ទីក្រុងណានីង សាធារណៈរដ្ឋប្រជាមានិតចិន។

 

វគ្គបណ្តុះបណ្តាលទាំង៣ថ្ងៃនេះ ផ្តោតលើរបៀបផ្សព្វផ្សាយនៃបច្ចេកវិទ្យាឌីជីថល រួមមានកម្មវិធី app, Wechat និងកម្មវិធីផ្សេងទៀតនៅលើទូរស័ព្ទដៃ ព្រមទាំងការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងបែបទំនើបកម្មបច្ចេកវិទ្យា។

 

ក្រុមសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បានចាត់ទុកថា វគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយវិទ្យុ និងទូរទស្សន៍ក្វាងស៊ីនេះ មានផលប្រយោជន៍យ៉ាង សំខាន់ដែលបានចែករំលែកដល់អ្នកសារព័ត៌មាននៅតំបន់អាស៊ានឲ្យកាន់តែយល់ដឹងបន្ថែមលើបច្ចេកវិទ្យាផ្សព្វផ្សាយឆ្លើយតបតាមតម្រូវការជាក់ស្តែងជូនដល់អ្នកស្តាប់និងទស្សនាស្របតាមសម័យការរីកចំរើននៃបច្ចេកវិទ្យាសម័យថ្មីចុងក្រោយនេះ៕